ក្រសួង​សុខាភិបាល​ចង់​​ពិនិត្យ​សុខភាព​មុន​ប្រឡង តែ​សម្តេចទាត់ចោល ព្រោះ​ថា​ជា​​វិធី​មន្ត្រីខូច​រកលុយប៉ុណ្ណោះ

3403

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទាត់ចោល​សំណើររបស់​ក្រសួង​សុខាភិបាល ដែល​ពីមុន​ធ្លាប់​ធ្វើ​សំណើរ​មក​ថា ចង់មាន​និតិវិធី​ពិនិត្យ​សុខភាព​មុន​ប្រឡង​ ព្រោះ​សម្តេចយល់ច្បាស់ថា នេះ​គ្រាន់តែ​ជាបន្ទុក​បន្ថែម​និង​ជា​វិធី​ពុក​រលួយ​រក​លុយ​ក្រៅ​ពី​មន្ត្រី​ខិលខូច​ប៉ុណ្ណោះ។

សម្តេច មានប្រសាសន៍ធ្ងន់ៗថា «កន្លង​ទៅនេះ គ្រាន់តែ​ខ្ញុំមិនយល់ស្រប មិន​យល់ស្របជាមួយនឹង​សំណើរ​របស់​ក្រសួង​សុខាភិបាល តែ​ក្រសួង​សុខាភិបាល​ស្នើឡើង​សុំ​ឲ្យ​មាន​ការត្រួត​ពិនិត្យ​សុខភាពទៅលើ​អ្នក​ដែល​ត្រូវ​ប្រឡង​ចូលក្របខណ្ឌរដ្ឋ។ អ៊ីចឹង​ទេ ខ្ញុំ​មិនយល់ស្រប​អាហ្នឹង ព្រោះ​នេះ​ជា​ការ​បង្កើត​បន្ទុក​បន្ថែម សម្រាប់អ្នក​ដែល​ត្រូវ​ប្រឡង​ចូល។ ក្នុង​ប៉ុន្មានថ្ងៃ​មុន​ហ្នឹង ​ខ្ញុំ​ទាត់ចោលសំណើរក្រសួង​សុខាភិបាលមួយ។ ក្រសួង​សុខាភិបាល គេ​ហៅថា​ដើម្បី​ធានាបាន​នូវសុខភាព​សាធារណៈ ចង់​ស្នើឲ្យ​មាន​ការ​ពិនិត្យ​សុខភាព​ទៅលើបេក្ខជនដែល​ប្រឡង​ជាប់ និង​បេក្ខជន​ដែល​ត្រៀម​ប្រឡង។ អ៊ីចឹង​ទេ វាដូចជាការ​ដាក់បន្ទុក​បន្ថែម​ទៅលើ​បេក្ខជនប្រឡង»។

សម្តេច​បន្ថែម​ថា ការ​ឲ្យ​មាន​ការ​ពិនិត្យ​សុខភាព​បេក្ខជន​ប្រឡង​នេះ ដូចជា​ការ​បើក​ឱកាស​ឲ្យ​មាន​សេវារក​លុយ​ក្រៅពុករលួយ​បន្ថែម​ដូច្នោះ​ដែរ។ «អានេះ​ដែល​គួរ​ឲ្យ​ខ្លាច មិន​មែនជំងឺទេ រឿង​ដែល​សុំ​ផ្តាំ​ទៅក្រសួង​សុខាភិបាល…អ្វី​ដែល​គួរ​ខ្លាចគឺ​ជំងឺពុករលួយទេ…អ្នក​ត្រង់​មិន​អីទេ តែ​អាអ្នក​មិន​ត្រង់​ វា​បង្កើត​តែ​បញ្ហា…អ៊ីចឹង​ខ្ញុំទាត់ចោល»។

សម្តេច សង្កត់ធ្ងន់ថា ការ​ទទួល​បេក្ខជន​ឲ្យ​មក​ចូលធ្វើការ​មិនថា​ក្របខណ្ឌឯកជន​ឬ​រដ្ឋទេ គេ​តែង​មាន​លក្ខណរបស់​គេត្រឹមត្រូវ ហើយ​ការ​ដែល​គួរ​ទទួល​ខុសត្រូវ​មែនទែននោះ គឺ​ការផ្តល់សេវាថែទាំសុខភាព​បុគ្គលិក​នៅពេលបន្ទាប់ទៀត នោះ​ទើប​ជារឿងត្រឹមត្រូវ។

យ៉ាង​ណា​មិញ​ សម្តេចក៏ក្រើនរំលឹក​ដែរ​ថា ពលរដ្ឋពិសេសនិស្សិតគ្រប់រូប​ត្រូវ​យោគយល់ចំពោះ​លក្ខណខ្លះ​ដែលក្រុមហ៊ុន​ឯកជន​ឬ​ស្ថាប័នរដ្ឋគេ​ដាក់មក ព្រោះ​ដើម្បី​ធានា​បាន​នូវ​បុគ្គលិក​ល្អ​សម្រាប់បម្រើការងារដល់ស្ថាប័ន ដែល​នេះ​ជាវិវត្តនៃ​សង្គមជាតិ​ដែល​កំពុង​រីកចម្រើន។ ការសំខាន់និស្សិត​គ្រប់រូប​ត្រូវ​ប្រឹងប្រែង​ច្នៃ​សមត្ថភាព​ខ្លួន​ឲ្យ​កាន់តែ​ខ្លាំង ដើម្បី​បម្រើដល់សង្គមជាតិ​ឲ្យ​រឹតតែ​វិវត្តទៅមុខ​ជាដរាប៕

អត្ថបទ៖ រតនា