ឆែក សន្យា​ជួយ​កម្ពុជា​បញ្ចុះបញ្ចូល​ក្រុមហ៊ុន​ធំៗ​មក​វិនិយោគ រួម​ទាំង​លទ្ធភាពបើករោងចក្រផលិតយន្តហោះ

481

សាធារណរដ្ឋឆែក បាន​សន្យា​ថា​នឹង​ប្រឹងប្រែង​បញ្ចុះបញ្ចូល​វិនិយោគិនក្រុមហ៊ុន​ តូច ធំ​ ទាំងឡាយ​​របស់​ខ្លួន​ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា ដោយ​រួម​ទាំង​លទ្ធភាព​នៃ​ការ​បើក​រោងចក្រ​ផលិតយន្តហោះ​ខ្នាត​តូច​ផងដែរ ដោយ​ហេតុ​ថា​បច្ចុប្បន្ន​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​នៅក្នុង​រង្វង់​ ៩១លានដុល្លារនាឆ្នាំ ២០១៨ នៅឡើយ។

ការ​សន្យាកៀរគរក្រុមហ៊ុន​ឯកជនតូចធំ​របស់​​សាធារណរដ្ឋឆែកពីសំណាក់លោក Karel Havlicek ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋឆែក ធ្វើឡើង​ស្រប​ពេល​ដែល​សម្តេច​ហ៊ុន សែន​ដឹក​នាំ​គណៈប្រតិភូទៅធ្វើទស្សនកិច្ចផ្លូវការ​សាធារណរដ្ឋឆែក ហុងគ្រី និងប៊ុលហ្គារី កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។

ប្រទេស​ទាំង​ពីរ​មានទំនាក់ទំនង​ពាណិជ្ជកម្មល្អជាមួយគ្នា​ចាប់តាំងពីឆ្នាំ ១៩៥៧ និង​ចាប់ផ្តើមជាថ្មីនៅឆ្នាំ ១៩៩៦ ហើយ​មកដល់បច្ចុប្បន្ន​ទាំង​ពីរភាគី​មានទំហំពាណិជ្ជកម្ម​នៅ​តិចតួច​នៅឡើយ​ត្រឹម ៩១ លានដុល្លារប៉ុណ្ណោះ។ ហេតុដូច្នេះ​ហើយ ទើបប្រទេស​ទាំង​ពីរបានខិតខំបង្កើនទំហំពាណិជ្ជកម្មរវាង​គ្នា​ ដើម្បី​ជំរុញសេដ្ឋកិច្ច​ឲ្យ​កាន់តែ​ល្អប្រសើរថែមមួយកម្រិត​ទៀត។

ក្នុង​កិច្ចប្រជុំពាណិជ្ជកម្ម និងចុះអនុស្សរណៈស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយសភាពាណិជ្ជកម្មនៃសាធារណរដ្ឋឆេក លោកឧកញ៉ា គិត ម៉េង បាន​បញ្ជាក់ថា កម្ពុជា​និង​ឆេកមាន​ទំនាក់ទំនងការទូតយ៉ាងល្អិត​ល្មួត​នឹង​គ្នា​តាំង​ពីឆ្នាំ ១៩៥៧ មកម្លេះ ប៉ុន្តែ​ឆេក​ដែល​ជា​ប្រទេស​​សម្បូរ​ដោយ​មានបច្ចេកវិទ្យា សម្ភារគ្រឿងយន្ត​ទំនើប បែរ​ជា​មិនសូវ​មាន​វត្តមាន​លើ​ទីផ្សារ​កម្ពុជា​ទៅវិញ។

ដូច្នេះ​ហើយ​ទើប សាធារណរដ្ឋឆែក សន្យា​ថា​នឹង​ប្រឹងប្រែងកៀរគរ​ក្រុមហ៊ុន​ឯកជនទាំង​តូចទាំងធំ មកសិក្សា​ពីលទ្ធភាព​វិនិយោគ​នៅកម្ពុជា ដើម្បីបង្កើនទំនាក់ទងទាំង​ផ្នែកសេដ្ឋកិច្ចនិង​វប្បធម៌រវាង​ប្រទេស​ទាំង​ពីរ៕

ដោយ៖ រតនា