ជិះ Prius សុខៗ​ម៉ាស៊ីនត្រជាក់លែងត្រជាក់ ជាង​ប្រាប់វិធីតិច​ចាញ់បោកគេ​អស់លុយរាប់រយដុល្លារ

1801

Prius ចាប់ពី ០៤ ឡើង​មក អាច​ថា​ជា​កំពូល​រថយន្ត​ពេញ​និយម​ខ្លាំង​មួយ​នៅកម្ពុជា ព្រោះ​វា​ស៊ីសាំង​តិចនិង​តម្លៃ​ធូរថ្លៃ​ត្រឹម ជាង ១ម៉ឺនដុល្លារ​តិចតួច។ ដោយ​សារ​តែ​ Prius ដែល​ប្រើ​នៅ​ស្រុក​ខ្មែរ​ភាគ​ច្រើន​ជា​ឡានមានអាយុកាល​ជាង ១ ទសវត្ស​ទៅហើយ​នោះ វា​អាច​មាន​បញ្ហា​គ្រឿងម៉ាស៊ីន​ច្រើន​ដូចជាប្រព័ន្ធ​ភ្លើង ហ្វ្រាំង ABS ពិសេស​គឺ​​ម៉ាស៊ីន​ត្រជាក់តែម្តង។

អ្នក​ដែល​ទិញ Prius មក​ប្រើ​ភាគច្រើន​ជួប​បញ្ហា​ឡាន​ម៉ាស៊ីនត្រជាក់អត់ត្រជាក់ ឬ​ជិះសុខៗ​ចេញចំហាយក្តៅពីម៉ាស៊ីនត្រជាក់ទ្រាំ​មិនបាន។ តាមពិត​ទៅបើ​តាម​ការ​អះអាង​ពី​ជាង​រថយន្ត​ជំនាញ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ម៉ាស៊ីនត្រជាក់ Prius ដែល​សុខៗ​លែង​ទៅជាត្រជាក់ ដោយសារ​តែ​វា​អស់ហ្កាស ព្រោះ​តែ​វា​មាន​អាយុកាល​ច្រើន​ឆ្នាំ​មក​ហើយ។

ហេតុ​ដូច្នេះ​ជាង​រថយន្ត​បង្ហើប​ថា គ្រាន់តែ​យក​ឡាន​ទៅ​ហ្ការ៉ាស់បញ្ចូលហ្កាស់មួយពេញ​វិញ​ទៅ វាត្រជាក់ធម្មតា​វិញហើយ ដោយតម្លៃអាស្រ័យ​តាមទំហំនៃការ​បញ្ចូលហ្កាស់ចូលរថយន្ត តែ​សម្រាប់ Prius ហ្កាស់បញ្ចូលមួយពេញ​ អស់ច្រើនមិនដល់ ៣០ ដុល្លារ​នោះទេ លោក​បញ្ជាក់។

លោក​ថា មានជាង​​ខិលខូចមួយចំនួន​តូច ប្រាប់ម្ចាស់ឡានថា ឡាន​ធ្លាយហ្កាស់អ៊ីចេះអ៊ីចុះ ត្រូវទុកឡានមួយថ្ងៃ​ដើម្បីរើម៉ាស៊ីនបិទ​កន្លែង​ធ្លាយ​ហ្កាស់នោះវិញ ដោយត្រូវ​ចំណាយ​ប្រាក់អស់រាប់រយដុល្លារក៏មាន ហើយ​បើសិន​ម្ចាស់ឡានមិនបានគិតដល់ឬ​ប្រុង​ប្រយ័ត្នទេ អាច​ត្រូវ​អស់លុយច្រើនរាប់រយក៏ថាបាន។ អ្នក​អាច​អោយ​ជាង​បញ្ចូល​ហ្កាសម៉ាស៊ីនត្រជាក់ចូលឡាន​អ្នក​មួយពេញ រួច​ចាំ​មើល​ចន្លោះពី១ សប្តាហ៍បើ​ហ្កាស (លេចខ្លាំង) និង​យ៉ាង​ច្រើន ១ ខែ (បើហ្កាសលេចតិច) បើម៉ាស៊ីនត្រជាក់ឡានអ្នក​នៅ​ត្រជាក់ធម្មតា នោះ​បានន័យ​ថា មិនមាន​បញ្ហាធ្លាយបំពង់ហ្កាសនោះទេ តែ​បើលែង​ត្រជាក់ត្រូវ​ទៅរកជាង​។

យ៉ាង​ណា​មិញលោក​ក៏បញ្ជាក់ថា មាន​ករណី​តិច​តួច​បំើផុត ដែល​ឡាន Prius អាច​នឹង​ធ្លាយហ្កាសចេញមកមែន តែ​លុះត្រាបំពង់ហ្គាស់នោះ​វាត្រូវទឹកផ្អាប់ខ្លាំងយូរ​ទៅជា​ពុកផុយ ឬ​មាន​ការ​ប៉ះអង្គិច​ខ្លាំង​ដោយប្រការណាមួយ ទើបវាធ្លាយ ដូច្នេះម្ចាស់យានយន្ត​ត្រូវ​ស្វែងយល់និង​រក​ទីតាំង​ណាដែលទុកចិត្តបំផុត សម្រាប់ការ​ត្រួត​ពិនិត្យ​ម៉ាស៊ីនត្រជាក់ឡាន៕

ដោយ៖ រតនា