រឿងរិះ​គន់​រុះរើបដាគាំទ្រ​កម្ពុជា​ប៉ះអ៊ីរ៉ាក់យប់មិញថា​ជា​នយោបាយ សហព័ន្ធ​ចេញ​មុខ​បកស្រាយ

805

កាល​ពី​ប្រកួត​ជម្រុះ FIFA World Cup Qatar 2022 ជុំទី២-តំបន់អាស៊ីរវាង​កម្ពុជា (ម្ចាស់ផ្ទះ) និង​អ៊ីរ៉ាក់ក្នុងលទ្ធផល ០-៤ កាល​ពីយប់មិញ កម្លាំង​សមត្ថកិច្ច​មាន​ការ​ភ័ន្តច្រលំ​ចុះ​រុះរើបដាអ្នកគាំទ្រ​កម្ពុជា មាន​ទាំង​ក្រុមសរសេរ​បដាអក្សរ​ខ្មែរ Ultras Cambodia ក្រុម Angkor Army និង​បដាភាសាចិនលាយខ្មែរ នាំ​ឲ្យ​​ផ្ទុះការ​រិះគន់រហូត​សហព័ន្ធ​កីឡាបាល់ទាត់កម្ពុជាចេញ​មុខបកស្រាយ។

ការ​បកស្រាយ​នោះ​បាន​បញ្ជាក់ថា ក្រោមការដឹកនាំពីស្នងការប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក(FIFA) មិនអនុញ្ញាតិអោយមានបដាផ្សេងៗជៀសវាងករណីនយោបាយ ដោយក្នុងនោះរាល់បដាទាំងអស់នឹងត្រូវកំណត់រុះរើទំាងអស់ រួមមានបដារបស់ក្រុមដែលប្រើប្រាស់ភាសាចិន ក្រុម Ultra Cambodia និងក្រុមកងទ័ពអង្គរ។

ក្រោយពីបានរុះរើបដាដែលប្រើភាសាចិនរួចកម្លាំងសន្តិសុខបន្តរុះរើដល់បដារបស់ក្រុមអ្នកគាំទ្រ Ultra Cambodia ។ដោយបានដឹងពីករណីខាងលើនេះ មន្រ្តីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានទៅពន្យល់ពីខ្លឹមសារនៅក្នុងបដារបស់ក្រុមអ្នកគាំទ្រទៅកាន់ស្នងកាការប្រកួតដែលមកពី FIFA។ ស្នងកាការប្រកួតដែលមកពីFIFA ក៏អនុញ្ញាតអោយប្រើប្រាស់បដាដែលមានខ្លឹមសារ គាំទ្រក្រុមឡើងវិញ។ ក្រោមការអន្តរាគមន៍ពីមន្រ្តីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចុះទៅជូនដំណឹងដល់ក្រុមអ្នកគាំទ្រ Ultras Cambodia អាចប្រើប្រាស់បដាឡើងវិញបាន។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន​បង្ហាញ​អារម្មណ៍​សោកស្តាយ​ចំពោះករណីភ័ន្ឌច្រលំនេះ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះក្រុមអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជា មានដូចជាក្រុម Ultras Cambodia ក្រុម Angkor Army ក្រុមអ្នកគាំទ្រផ្សេងៗ និងបងប្អូនទំាងអស់ដែលមានឆន្ទះមុះមុត គាំទ្រក្រុមជម្រើសជាតិកម្ពុជាទោះជាក្នុងកាលៈទេសៈណាក៏ដោយ៕

ដោយ៖ រតនា

ប្រភព៖ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា