នោះ! ពលរដ្ឋ​ចិន​​ជាតិ​និយម​នាំគ្នា បោក iPhone ចោល ក្រោយ Huawei រង​ភាព​ឈឺចាប់​ព្រោះ​អាមេរិក

0
1431

ប្រជាជនចិន​នាំគ្នា​បោក​ទូរសព្ទ​ iPhone របស់​ខ្លួន​ចោល ដើម្បី​ជា​ការ​បង្ហាញ​ពី​ជាតិ​និយម​របស់​ខ្លួន គាំទ្រ​ក្រុមហ៊ុន​យក្សចិន Huawei ដែល​ត្រូវ​ក្រុមហ៊ុន​អាមេរិក​ធំៗផ្តាច់ការ​រកស៊ីជាមួយ។ នេះ​បើ​តាម​វីដេអូ​មួយដែល​បង្ហោះ​ទំព័រហ្វេសប៊ុក​បរទេស​មួយឈ្មោះ Shahmir។ ចុច​ត្រង់​នេះ​ដើម្បី​មើល​វីដេអូ។

បើ​តាម​ការ​រៀបរាប់អំពីសកម្មភាព​ក្នុង​វីដេអូ បញ្ជាក់ថា ក្រោយ​ Huawei ត្រូវ​ក្រុមហ៊ុនអាមេរិក​ដូចជា Google, Qualcom និង Intel ជាដើម បាន​ផ្អាកការ​ផ្គត់ផ្គង់សេវាកម្មនិងផលិតផលឈីបរបស់​ខ្លួនជាមួយក្រុមហ៊ុន Huawei ក្រោម​ការ​បង្គាប់បញ្ជារបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ប្រជាជន​ចិន​ហាក់ខឹងសម្បារ​នឹង​ផលិតផល​អាមេរិក​ពិសេស iPhone របស់​ Apple ដែល​កំពុង​មានវត្តមាននៅទីផ្សារចិន រហូត​ដល់បោកនិង​បោះ iPhone របស់​ខ្លួន​ចោលធុងសម្រាម។

បន្ថែម​លើនេះ​ បណ្តា​ក្រុមហ៊ុន​ចិន​មួយចំនួន​ បាន​ហាមប្រាមបុគ្គលិក​ខ្លួន​មិន​ឲ្យ​ទិញ iPhone មក​ប្រើ​ឡើយ ហើយ​បើឃើញ​អ្នក​ណា​ប្រើ iPhone នឹង​មិន​ត្រូវ​ឲ្យ​លុយ​ថែមម៉ោង​និង​ប្រាក់រង្វាន់ដាច់ខាត។ សម្រាប់​អ្នក​ទិញ Huawei មក​ប្រើ​នឹង​ត្រូវ​បាន​ប្រាក់រង្វាន់​លើក​ទឹកចិត្ត​បន្ថែម​ជា​ទីពេញចិត្ត។

អ្នក​ជំនាញ​បរទេស​បាន​បញ្ជាក់ថាទីផ្សារ​ iPhone នៅ​ចិន​មាន​ដល់ទៅ ៣៣ ភាគរយក្នុង​ចំណោម​ទីផ្សារ​សរុប​លើ​ពិភពលោក ហើយ​បាន​​បង្ហាញ​ក្តីបារម្ភចំពោះ Apple ថា ទីផ្សារ​ក្រុមហ៊ុន​អាមេរិក​នេះ នឹង​ធ្លាក់ចុះ​ខ្លាំង ក្រោយ​រឿងរ៉ាវ​អាមេរិក​ធ្វើ​លើ Huawei ថ្មីៗ​នេះ។

វីដេអូដដែល​បាន​បញ្ជាក់​បន្ថែម​ថា អាមេរិក​ហាក់ព្រួយបារម្ភ​និង​ការ​វាតទី​ដណ្តើម​តំណែង​កំពូល​ផ្នែកបច្ចេកវិទ្យា​ពីសំណាក់ចិន ពិសេស​គឺ​ក្រុមហ៊ុន Huawei ដែល​ឈាន​មុខ​គេ​ក្នុង​ការ​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ល្បឿន​អ៊ីនធឺណិត​ផុត​លេខ 5G ដោយ​បច្ចុប្បន្ន​មាន​ប្រទេសប្រមាណ ៤០ ជាដៃគូរបស់​ Huawei ដើម្បី​ឲ្យ​ក្រុមហ៊ុន​នេះ​ជួយនាំ​បច្ចេកវិទ្យា 5G ទៅកាន់ប្រទេស​ទាំង​នោះ។

ដោយ​ហេតុ​នេះ​ហើយ ទើប​អាមេរិក ព្យាយាម​រារាំង​ភាព​ឈាន​ទៅ​មុខ​របស់ Huawei មិន​ឲ្យ​ជោគជ័យ​នាំ​ 5G ដំណើរការ​បាន​ទូលាយ​មុនអាមេរិក​នោះឡើយ ដើម្បី​ជៀសវាង​គ្រោះថ្នាក់កាន់តែ​ធំចំពោះសេដ្ឋកិច្ច​អាមេរិក។

យ៉ាងណាមិញ សម្រាប់ Huawei បាន​អះអាង​ថា ខ្លួន​បានត្រៀមរួចហើយ​ចំពោះ​បញ្ហា​នេះ ដោយ​បាន​បង្កើត OS មួយឈ្មោះ Hongmeng តាំង​ពីឆ្នាំ ២០១២ មកម្លេះ ប៉ុន្តែត្រូវ​អ្នក​ជំនាញ​បច្ចេកវិទ្យា​មើល​ឃើញ​ថា វាហាក់លំបាកបន្តិច​សម្រាប់ Huawei ក្នុង​ការ​ធ្វើ​ឲ្យ App Gallery (ជា​ Store) ឲ្យ​ទាន់សម័យ​និង​ល្បីល្បាញ​ឆាប់រហ័ស​ដូច Android។ ដូច្នេះ​ត្រូវទាមទារ​ឲ្យ​ក្រុមហ៊ុន​នេះ ញាប់ដៃញាប់ជើងទាក់ចិត្ត​អ្នក​បង្កើតកម្មវិធី​ជុំវិញពិភពលោក ឲ្យ​បង្កើតកម្មវិធី​សម្រាប់​ Store ថ្មី​របស់​ខ្លួន​ ដើម្បី​ប្រជែង​នឹង Android របស់ Google និង iOS របស់​ Apple៕

អត្ថបទ៖ រតនា

ប្រភព៖ Shahmir

 

ផ្តល់មតិយោបល់