

រដ្ឋាភិបាលជប៉ុន បានប្រកាសពីការផ្តល់គ្រឿងឥស្សរិយយសដល់ជនបរទេស សម្រាប់និទាឃៈរដូវ ឆ្នាំ២០១៩ (Grand Cordon of the Order of the Rising Sun) ហើយក្នុងនោះដែរ សម្តេច នរោត្តម សិរិវុឌ្ឍអតីតឧបនាយករដ្ឋមន្ត្រី និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក៏នឹងត្រូវទទួលគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់ពីរដ្ឋាភិបាលជប៉ុន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា។
ការផ្តល់គ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់ជូន សម្តេច នរោត្តម សិរិវុឌ្ឍ ដោយសារខាងរដ្ឋាភិបាលជប៉ុនបានមើលឃើញនិងទទួលស្គាល់ចំពោះការរួមចំណែកនិងការលះបង់ដ៏ធំធេងរបស់សម្តេច ក្នុងការជួយឲ្យទំនាក់ទំនងនិងមិត្តភាពរវាងជប៉ុន និងកម្ពុជា កាន់តែរឹងមាំនិងរីកចម្រើនកន្លងមកនេះ។
បច្ចុប្បន្នជប៉ុនបានក្លាយជាដៃគូអភិវឌ្ឍដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដោយប៉ុន្មានឆ្នាំចុងក្រោយជប៉ុនបានរួមចំណែកលើផ្នែកហេដ្ឋារចនាសម្ព័ន្ធមានផ្លូវ ស្ពាន ជាច្រើនក្នុងប្រទេស ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន៕
អត្ថបទ៖ រតនា