ទំព័រទេសចរណ៍​ធំម៉ាឡេស៊ី ហាក់​មាន​​ចេតនាថាអង្គរធំ​ជា​របស់​វៀតណាម ចង់​បញ្ឆេះពលរដ្ឋ​ខ្មែរ

718

ទំព័រ​ទេសចរណ៍​លើ​បណ្តាញ​សង្គមហ្វេសប៊ុក​ដ៏​ធំ​មួយរបស់​ម៉ាឡេស៊ីឈ្មោះ Travelog.com ដែលមានអ្នក​គាំទ្រ​ប្រម៉ានជាង ១ លាននាក់ បាន​បង្ហោះសារអមដោយរូបភាព​ប្រសាទអង្គរធំ​នៅខេត្តសៀមរាប​ថា​ជា​របស់​វៀតណាម។

ទង្វើ​នេះ​ត្រូវ​បាន​មហាជនខ្មែរ​ទូទាំង​ប្រទេស​ខឹងសម្បារ​និង​ទំព័រ​ហ្វេសប៊ុក​នោះជា​ខ្លាំង នឹង​បាន​នាំគ្នា Report ទៅក្រុមហ៊ុន​ហ្វេសប៊ុក​ផងដែរ ដើម្បី​ចាត់វិធានការ​លើ​ផេក​មួយ​នេះ ដែល​មាន​ចេតនា​​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត។

ទំព័រ​មួយ​នេះ បាន​យក​រូបអង្គរធំ​និង​បាន​សរសេរ​ចំណងជើង​ពីលើ​ថា «Angkor Thom, Vietnam ឬ​ អង្គរធំ វៀតណាម» កាល​ពីថ្ងៃ​ទី ១១ ខែ​តុលា ឆ្នាំ ២០១៩ ម្សិលមិញ ហើយ​ពលរដ្ឋខ្មែរ​រាប់ពាន់នាក់ក៏បានចូលខមមិន ដោយការ​ខឹងសម្បារ​និង​ខ្លះ​ក៏​បាន​សំណូមពរ​ឲ្យ​ទំព័រ​មួយ​នេះ កែប្រែកំហុសឡើងវិញ តែ​មកទល់ពេលនេះនៅមិនមានការកែប្រែឬ​សុំទោស​អ្វីនៅឡើយទេ។

ហេតុដូច្នេះ ទើប​ពលរដ្ឋខ្មែរ​ភាគច្រើន កើត​ចម្ងល់ថា​នេះ​ជា​ចេតនាអាក្រក់មកលើកម្ពុជា ឬ​ក៏​ជា​ការ​អវិជ្ជា​របស់គេហទំព័រ​របស់​ម៉ាឡេស៊ី​ក្នុង​ការ​ស្រាវជ្រាវ​ព័ត៌មានពី​ប្រទេសដែល​នៅ​ក្បែរ​ខ្លួនឬ​យ៉ាង​ណា។

នេះ​ពុំ​មែន​ជា​លើក​ទីមួយ​ឡើយ​​ដែល​សម្បត្តិបេតិកភណ្ឌពិភពលោកនៅខេត្តសៀមរាប​របស់កម្ពុជា​មួយ​នេះ ត្រូវ​បានបណ្តាញផ្សព្វផ្សាយបរទេសមួយចំនួន តែង​ផ្សាយ​ថា​នៅវៀតណាម​ឬ​របស់​វៀតណាម ហើយ​ក៏​ត្រូវ​មហាជនខ្មែរ​ និង​ថ្នាក់ដឹកនាំ​ក្រសួងទេសចរថ្កោលទោស​ក៏ដូចជា​ស្នើ​ឲ្យ​កែប្រែ​ជាហូរហែកន្លង​មក​ផងដែរ៕

ដោយ៖ រតនា

Loading...