សម្តេចផ្តល់​ក្រដាសប្រាក់ថ្មី ១៥ ០០០ រៀល ដល់សិស្សពូកែនិន្ទេស A ៤៤៣ នាក់ជាអនុស្សាវរីយ៍

295

សម្ដេច​តេជោ ហ៊ុន សែន ផ្ដល់​ជូន​នូវ​ធនប័ត្រ​អនុស្សាវរីយ៍​ប្រភេទ ១៥ ០០០ រៀល​ជូន​សិស្ស​ជ័យ​​លាភី​សិស្ស​ទទួល​បាន​និទ្ទេស​​ A ចំនួន ៤៤៣ នាក់ នាព្រឹក​ថ្ងៃ​ទី ៧ ខែ​តុលា ឆ្នាំ ២០១៩ នេះនៅ​វិមាន​សន្តិភាព។

ធនប័ត្រ​អនុស្សាវរីយ៍​​ប្រភេទ​១៥​០០០រៀល នឹង​ត្រូវ​ប្រគល់​ដោយ​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​​ជូន​ជា​អនុស្សាវរីយ៍​ដល់​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៨-២០១៩ ដែល​ទទួល​បាន​និទ្ទេស ​​A​ ទាំង ​៤៤៣នាក់​ទូទាំង​ប្រទេស ក្នុង​ពិធី​ជួប​សំណេះសំណាល នា​ព្រឹក​ថ្ងៃចន្ទ​ ៩កើត ​ខែអស្សុជ ឆ្នាំកុរ​ ឯកស័កព.ស.២៥៦៣ ​ត្រូវនឹងថ្ងៃទី៧​ ខែតុលា​ ឆ្នាំ​២០១៩។

ក្រដាស​ប្រាក់​ ១៥ ០០០ រៀល ​ផលិត​ឡើង​ដើម្បី​ចូលរួម​អបអរសាទរ​ នៃឱកាស​ព្រះរាជពិធី​បុណ្យ​គម្រប់ខួប​១៥​ព្រះ​វស្សា នៃ​ការ​យាង​គ្រង​ព្រះបរមសិរីរាជ្យសម្បត្តិ ​ព្រះករុណា​ជាអម្ចាស់ជីវិតលើត្បូង​ ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម សីហមុនី ​ព្រះមហាក្សត្រ ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់បំផុត។

ព្រះ​រាជ​ពិធី​បុណ្យ​ខួបលើកទី​១៥​ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ​ នរោត្តម សីហមុនី នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ​ ២០១៩ខាងមុខនេះ៕

ដោយ៖ រតនា

 

Loading...