សិង្ហបុរី​ គ្រោង​មក​អភិវឌ្ឍ​​ផ្លូវថ្នល់ល្បឿនលឿន​និង​ផ្លូវដែកកម្ពុជា ឲ្យ​កាន់តែ​ទំនើប

1316

ក្រុមហ៊ុន​ធុរកិច្ច​សិង្ហបុរីចំនួន ១៩ បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា ដោយ​មាន​បំណង​ចង់​វិនិយោគ​លើ​វិស័យផ្លូវថ្នល់ ផ្លូវល្បឿនលឿន និងផ្លូវដែក ដោយផ្អែកលើគោលការណ៍កសាងប្រតិបត្តិផ្ទេរ (BOT)។

រូបតំណាង

គណៈប្រតិភូសហព័ន្ធធុរកិច្ច​សិង្ហបុរី​ ដឹកនាំដោយ លោក Mike Lee អនុប្រធានទទួលបន្ទុកការងារអាស៊ាន នៃក្រុមហ៊ុន Global Business Division កាល​ពី​ថ្ងៃ​ពុធ​ទី ០២ ខែ​តុលា ឆ្នាំ ២០១៩ បាន​អញ្ជើញ​ជួបសំណេះសំណាល​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​លោក ស៊ុន ចាន់ថុល នៅ​អគារទីស្តីការគណរដ្ឋមន្ត្រី ទៅលើ​គម្រោង​អភិវឌ្ឍប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​ទំនើប។

ផ្អែក​លើ​គោលដៅ​ចម្បង​របស់​រដ្ឋាភិបាល លោក ស៊ុន ចាន់ថុល បញ្ជាក់ថាគឺ​ផ្តោត​សំខាន់ទៅ​លើ​ការ​អភិវឌ្ឍប្រព័ន្ធ​ទឹក ភ្លើង ​ធនធានមនុស្ស ហើយ​ពិសេស​គឺ​ការ​អភិវឌ្ឍ​និង​លើក​កម្ពស់​ប្រព័ន្ធ​ផ្លូវថ្នល់ភាពបណ្តាញផ្លូវថ្នល់ពី ២គន្លងទៅ ៤គន្លង និងពីផ្លូវ DBST ទៅផ្លូវកៅស៊ូបេតុង (AC) រួម​ទាំង​ការ​តភ្ជាប់ផ្លូវ​ល្បឿនលឿន​ទៅ​កាន់ប្រទេស​ជិត​ខាង​ផង​ដែរ។

ទន្ទឹម​នឹង​ការ​ចាប់អារម្មណ៍​មក​វិនិយោគ​ផ្នែក​ផ្លូវថ្នល់​នៅ​កម្ពុជា​​នេះ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូនបាន​បញ្ជាក់ថា​ បច្ចុប្បន្ន​កម្ពុជា​កំពុង​តែ​ផ្តោត​សំខាន់​លើ​ការ​សិក្សា​ផ្លូវ​រថភ្លើង​លើ​អាកាស​ទៅប្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ និង​ការ​ផ្លូវ​ល្បឿនលឿន​ទៅកាន់ប្រទេស​វៀតណាម ហេតុ​ដូច្នេះវត្តមាន​ក្រុមហ៊ុន​ធុរកិច្ច​សិង្ហបុរី​នៅកម្ពុជា​លើ​ផ្នែកផ្លូវថ្នល់ នឹង​កាន់តែ​ពន្លឿន​និង​អភិវឌ្ឍប្រព័ន្ធ​ដឹក​ជញ្ជូន​កម្ពុជា​ឲ្យ​កាន់តែ​ងាយស្រួល​និង​ទំនើប​បន្ថែម​ទៀត៕

Loading...