ភ្ញៀវ​ធ្លាក់ចុះ អាជ្ញាធរជាតិ​អប្សរាចាប់​សំពងអ្នក​លក់ដូរ​ ចាក់បាស់ និង​ក្រាល​កន្ទេលអត់សណ្តាប់ធ្នាប់​មុខអង្គរ

175

អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការលើសកម្មភាពលក់ដូរ ក្រាលកន្ទេល ដាក់អង្រឹង បើកគ្រឿងបំពងសំឡេងខ្លាំងៗ និងសម្ភារៈផ្សេងៗនៅបរិវេណកសិន្ធុប្រាសាទអង្គរវត្ត ហើយ​​ការដាក់ឱសានវាទបញ្ឈប់សកម្មភាពទាំងនេះ​បានចូលមកដល់នៅត្រឹមថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩។ នេះ​បើ​តាម​ការ​ប្រកាស​លើ​ផេក​បណ្តាញ​សង្គម​របស់​អាជ្ញាធរជាតិអប្សរា។

កន្លង​មក​សកម្មភាព​ទាំង​ឡាយ​ដែល​បាន​រៀបរាប់ខាង​លើ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់ជាតិ​ ពិសេស​តំបន់​រមណីយដ្ឋាន​អង្គរ​ដែល​ជា​ទឹកដី​អច្ឆរិយល្បី​រន្ទឺពេញ​ពិភពលោក​មួយ​នេះ​ជា​ខ្លាំង រហូត​សូម្បី​តែ​ភ្ញៀវទេស​ចរបរទេស​ក៏រិះគន់​និង​ចំនួន​មក​ទស្សនា​អង្គរ​ក៏​បាន​ថយ​ចុះ​មួយផ្នែក​ដោយ​សារ​បញ្ហា​នេះ​ផងដែរ។

ការ​ចាត់វិធានការ​ក្តៅ​ម្តង​នេះ គឺ​​ដើម្បីលើកកម្ពស់បរិស្ថានស្អាត សោភ័ណភាពស្រស់បំព្រង ក៏ដូចជាលើកតម្លៃទីសក្ការៈដ៏ឧត្តុង្គឧត្តមនៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា អង្គភាពនគរបាលពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានបានបង្កើតក្រុមការងារចម្រុះធ្វើការអប់រំណែនាំផ្ទាល់នៅទីកន្លែងចាប់ពីថ្ងៃ០២ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩។

ទីតាំងដែលក្រុមការងារចម្រុះអនុវត្តការងាររបស់ខ្លួនមានដូចជា ជុំវិញបរិវេណត្រពាំងសេស ប្រាសាទព្រហ្មកិល និងតាមដងផ្លូវកៅស៊ូនៃកសិន្ធុប្រាសាទអង្គរវត្ត ហើយ​បើ​សិនណា​មាន​អ្នក​ល្មើស​នឹង​ការ​​កំណត់​នេះ​ នឹង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់មិនខាន៕

អត្ថបទ៖ រតនា

Loading...