ឡូយណាស់ ! វេបសាយ Sala Enrollment អាចជួយសិស្សទាំងអស់ជ្រើសសាកលវិទ្យាល័យ សិក្សាបាននៅភ្នំពេញ

323

បញ្ហា​ប្រឈម​របស់​សិស្ស​ក្រោយ​ការ​ប្រឡង​បាក់ឌុប​​ ​គឺ​ការសម្រេច​ចិត្ត​ជ្រើសរើស​ជំនាញ​សិក្សា និង​ស្វែងរក​សាលារៀន​ ​ថ្នាក់​បរិញ្ញាបត្រ។ ​សិស្ស​ខ្លះ​នៅតែ​សម្រេចចិត្ត​តាម​គ្នីគ្នា​មិត្តភក្ដិ ឬ​ក្រុម​គ្រួសារ​ជាដើម​ដោយសារ​ពួកគេ​ខ្វះ​ព័ត៌មាន​នៅក្នុង​ដៃ។ សាកលវិទ្យាល័យជាច្រើនបានលេចចេញនៅភ្នំពេញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែព័ត៌មានអំពីការចុះឈ្មោះរបស់ពួកគេហាក់ដូចជាបញ្ហាធំមួយ សម្រាប់ចំណោមសិស្សបញ្ចប់ការសិក្សានៅវិទ្យាល័យ។

ដោយមើលឃើញបញ្ហានេះ លោក សុខ លាភ បានផ្តួចផ្តើមបង្កើត វេបសាយ Sala Enrollment ដោយសង្ឃឹមថា នឹងដោះស្រាយបញ្ហាចម្បងមួយនេះ។ Sala Enrollment ជា​វេបសាយ​ថ្មី​មួយ​បង្កើតឡើង​ក្នុង​គោលបំណង​ផ្ដល់​ភាព​ងាយស្រួល​ទៅ​ដល់​សិស្ស​ដែល​ទើប​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​ ក្នុង​ការ​ស្វែងរក​សាកលវិទ្យាល័យ ជំនាញ ​សិក្សា​ក៏​ដូចជា​ដំណឹង​អាហារូបករណ៍​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ។

បច្ចុប្បន្ន​វេបសាយ​​នេះ​​ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​ឥតគិត​ថ្លៃ​ទាំង​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ ​ដែល​រួមមាន​ព័ត៌មាន​អំពី​ សាកលវិទ្យាល័យ​ និង​វិទ្យាស្ថាន​ចំនួន ៤៣ នៅ​ទូទាំង​ក្រុង​ភ្នំពេញ។ គួរបញ្ជាក់ថា ការបង្កើតវេបសាយ​ដែល​ប្រើ​ពេល​ជិត ១ ឆ្នាំ​ហើយ ដោយមាន ក្រុមការងារ ​ប្រមាណ 16 នាក់ហើយ នាពេលបច្ចុប្បន្ននេះ។

​លោក សុខ​ លាភ យល់​ថា​ Sala Enrollment ​ នឹង​ក្លាយ​ជា​កន្លែង​ដែល​សិស្ស​អាច​ចូល​ទៅ​មើល​ ព័ត៌មាន​លម្អិត​អំពី​សាកលវិទ្យាល័យ វិទ្យាស្ថាន និង​ ការប្រឡង​អាហារូបករណ៍ ​ទាំង​រដ្ឋ និង​ឯកជន ​ដោយ​ពុំ​ចាំបាច់​ចំណាយ​ពេល​ច្រើន ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​សួរ​ព័ត៌មាន​ពី​សាលា​មួយ​ ទៅ​សាលា​មួយ​ទៀត​នោះ​ទេ។​
លោក សុខ លាភ​ ស្ថាបនិក​វ័យ 35 ឆ្នាំ​ រូបនេះ និយាយថា៖ «យើង​ចង់​ឲ្យ​សិស្ស​មាន​ព័ត៌មាន​គ្រប់គ្រាន់​ថា​ ​តើ​មាន​សាកលវិទ្យាល័យ ឬ​វិទ្យាស្ថាន​ប៉ុន្មាន? ហើយ​មាន​ជំនាញ​សិក្សា​អ្វី​ខ្លះ? ដូច្នេះ​ពួកគាត់​អាច​ប្រៀបធៀប និង​សម្រេច​ចិត្ត​បាន​ត្រឹមត្រូវ»។

លោក​បានបន្ត​ទៀត​ថា៖ «យើង​កំពុងបន្តស្វែងរក​ការសហការ​ជាមួយ​សាកល​វិទ្យាល័យ និង​វិទ្យាស្ថាន​ទាំងអស់ ដើម្បី​បាន​ព័ត៌មាន​លម្អិត និង​ថ្មីៗ​សម្រាប់​យុវជន​ដែល​កំពុង​ស្វែងរក​សាលារៀន»។ សិស្សានុសិស្សអាច​ចូល​ទៅកាន់វេបសាយរបស់ Sala Enrollment បានតាមរយៈតំណរ៖ https://www.salaenrollment.com ​សម្រាប់​ភាសា​អង់គ្លេស និង https://www.salaenrollment.com/kh/ សម្រាប់​ភាសា​ខ្មែរ​ ព័ត៌មាន​ត្រូវ​បានបែង​ចែក​ជា ៥ ផ្នែក​ដូចជា ព័ត៌មាន​ទូទៅ​របស់​សាកលវិទ្យាល័យ ឬ​វិទ្យាស្ថាន​នីមួយៗ តម្លៃ​សិក្សា កម្មវិធី​សិក្សា​អាហារូបករណ៍ និង​កម្មវិធី​ផ្លាស់ប្ដូរ​ការសិក្សា​ទៅ​ក្រៅ​ប្រទេស​អម​ជាមួយ​រូបភាព​នៅ​ខាង​ក្នុង​សាលា​នីមួយៗ​ផង​ដែរ។​ បន្ថែមពីនេះ សិស្សានុសិស្សអាចចុះឈ្មោះជាមួយ វេបសាយនេះងាយៗ ដោយគ្រាន់តែវាយបញ្ចូលលេខទូរស័ព្ទប៉ុណ្ណោះ។ បន្ទាប់មក​ អ្នកប្រើប្រាស់វាយ​បញ្ចូលប្រវិត្តិរូប​សង្ខេប​ និងជាចុងក្រោយ​ សិស្សានុសិស្សអាចចុះឈ្មោះ តាមសាកលវិទ្យាល័យនីមួយៗដែលខ្លួនពេញចិត្ត។ បុគ្គលិក សាកលវិទ្យាល័យនឹង ធ្វើការទាក់ទងផ្តល់​ព័ត៌មាន​លម្អិត ដល់សិស្សានុសិស្ស​តាមទូរស័ព្ទដែលផ្តល់អោយ ដើម្បីជាប្រយោជន៍ចំណេញពេលវេលា៕

SHARE