ពិបាក​ណាស់ ក្រសួងសាធារណការ នៅតែ​បន្ត​យក​សាឡាង​បើក​បុក​សសរ​ស្ពាន​ព្រែក​​តា​មាក់

2038

គិត​មក​ដល់​ពេល​នេះ គឺ​មាន​រយៈពេល ២ ថ្ងៃ​ហើយ​ដែល​ក្រសួងសាធារណការ និង​ដឹកជញ្ជូន​ប្រតិបត្តិការ​ទាញ​យក​សាឡង់​ដឹក​ខ្សាច់​មួយ​គ្រឿង​ដែល​បើក​បុក​​សសរ​ស្ពាន​ព្រែក​តា​មាក់។

នៅ​ព្រឹក​ថ្ងៃ​ទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​បន្ត​ដឹក​នាំ​ក្រុម​ការងារ​បច្ចេកទេស​របស់​ក្រសួង និងភាគីពាក់ព័ន្ធ ចុះ​ពិនិត្យ​មើល​ការ​ទាញ​យក​ចេញ​សាឡង់​ដឹក​ខ្សាច់​ដែល​បុក​សសរ​ស្ពាន​ព្រែក​តា​មាក់​តាំង​ពី​ថ្ងៃ​អាទិត្យ​ទី ៨ ខែ​កញ្ញា កន្លង​ទៅ ហើយ​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹក​នាំ ក្រសួង មន្ដ្រីបច្ចេកទេស អាជ្ញាធរមូលដ្ឋាន និង​ភាគី​ពាក់ព័ន្ធ​ផង​ដែរ។

 

សម្រាប់​ដំណើរ​ដើម​ទង​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​កើត​ឡើង មាន​អ្នក​បើកបរ​ដោយ​ឈ្មោះ ភារម្យ ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ រួម​ដំណើរ​ដោយ​ប្រពន្ធ និង​កូន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ខ្សែ​ទឹក​ពី​ត្បូង​ទៅ​ជើង បាន​បើក​បុក​សសរ​ស្ពាន​ទី​៨​របស់​ស្ពាន​ព្រែក​តា​មាក់ ទើរ​ជាប់​នឹង​សរសេរ ដែល​សរសរ​នោះ​ស្ថិត​នៅ​ចន្លោះ​សសរ​ស្ពាន​សម្រាប់​ធ្វើ​នាវាចរណ៍ ដោយសារ​បើក​គេច​ពី​នាវា​ទេសចរណ៍​មួយ​គ្រឿង​ទៀត​មាន​ផ្ទុក​មនុស្ស​ច្រើន​បើក​បញ្ច្រាស​ទិស​គ្នា​ពី​ត្បូង​ទៅ​ជើង ហើយ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ទូក​នេសាទ​របស់​បងប្អូន​ខ្មែរ​ឥស្លាម។

គួរ​រំលឹក​ដែរ​ថា ក្រោយ​ឧប្បត្តិហេតុ​នេះ​កើត​ឡើង​កាលពី​ថ្ងៃ ចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញ ក្រុម​ការងារ​បច្ចេកទេស​ជួយ​សង្គ្រោះ​របស់​ក្រសួង​រួម​ជាមួយ​នឹង​អាជ្ញាធរ​ខេត្ត​កណ្ដាល និង​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ បាន​ប្រជុំ​ពិភាក្សា​រិះរក​មធ្យោបាយ ដើម្បី​ទាញ​រំដោះ​យក​សាឡង់​នោះ​ចេញ​ពី​ជើង​សសរ​ស្ពាន ដោយ​ប្រើ​នាវា​សណ្ដោង ៣ គ្រឿង​ក្នុង នោះ៖ នាវា​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ចំនួន ២ គ្រឿង និង​នាវា​ក្រុមហ៊ុនSovereign ចំនួន​មួយ​គ្រឿង រួម​ជាមួយ​នាវា​បូម​ខ្សាច់​មួយ​គ្រឿង​ទៀត​ដើម្បី​សម្រាល​បន្ទុក​នាវា ប៉ុន្តែ​ដោយសារ​សាឡង់​ដឹក​ខ្សាច់​នោះ​មាន​ទម្ងន់​ធ្ងន់​ពេក រួម​ជាមួយ​នឹង កម្លាំង​ទឹក​ហូរគួច​ខ្លាំង ប្រតិបត្តិការ​ធ្វើ​ពេល​យប់ បូក​រួម​ស្ថានភាព​មិន​អំណោយផល ក្រុម​ប្រតិបត្តិការ​មិន​អាច​ទាញ​រំដោះ​យក​សាឡង់​ដឹក​ខ្សាច់​នោះ​ចេញ​បាន​ទេ ហើយប្រតិបត្តិការនេះនៅបន្តឈាន ដល់​ថ្ងៃ​នេះ​បន្តទៀត។

សាឡង់​ដឹក​ខ្សាច់​នោះ​ពាក់​ផ្លាក​លេខ ភព៦. ៨២៦៣ សំបក​ដែក ម៉ា​ស៊ីន​ម៉ាកMitsubishi មាន​បណ្ដោយ​ប្រវែង ៤៣.៣០ ម៉ែត្រ ទទឹង៨.០៥ ម៉ែត្រ ជម្រៅ​ផ្ទុក​ខ្សាច់​ពេញ ២.៥០ម៉ែត្រ តាម​ការ​ប៉ាន់​ស្មាន​ទម្ងន់​សរុប​ប្រហែល ៨០០ តោន ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ង៉ូវ ចាន់ណា បាន​ចុះ​បញ្ជី​ការ​នៅ​ក្រសួងសាធារណការ និង​ដឹក​ជញ្ជូននៅ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១០៕

SHARE