កម្ពុជា​ត្រៀម​ប្រាក់​៥០០​លាន​ដុល្លារ ​ដើម្បី​ជួស​ជុល​ផ្លូវ​នៅ​កំពង់​សោម​

466

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល​ ដឹក​នាំ​មន្រ្តី​បច្ចេកទេស​ចុះ​ពិនិត្យ​មើល​ការ​កាយ​អូរ​ប្រឡាយ​ធម្មជាតិ​ដើម្បី​រំដោះ​ទឹកភ្លៀង​ ទឹក​កខ្វក់​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ក្នុង​ក្រុង​ព្រះសីហនុ។

ឯកឧត្តម​ទេសរដ្ឋមន្ដ្រី ​ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ បាន​ដឹកនាំ​មន្ដ្រី​បច្ចេក​ទេស​ក្រោម​ឱវាទក្រសួង​ អញ្ជើញ​ចុះពិនិត្យ​មើលការ​កាយអូរ​ ប្រឡាយ​ធម្មជាតិ​ដើម្បី​រំដោះ​ទឹកភ្លៀង​ ទឹកកខ្វក់ និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ក្នុង​ក្រុងព្រះសីហនុ ដោយ​មានការ​ចូល​រួមពី​ថ្នាក់​ដឹក​នាំ​ក្រសួង ¢មន្ដ្រីបច្ចេកទេ​ស និងមន្ដ្រីនៃមន្ទីរសាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះសីហនុ។

បន្ទាប់​ពី​ភ្លៀងធ្លាក់​ជោគជាំ​អស់រយៈពេល​ជាច្រើន​ថ្ងៃ​កន្លង​មកនេះ បាន​ធ្វើ​ឱ្យ​ក្រុង​ព្រះសីហនុ​ ទទួល​រង​នូវការ​គំរាម​កំហែង​ដោយ​ជំនន់ទឹកភ្លៀង​ បង្កជា​គ្រោះ​ទឹកជំនន់​យ៉ាង​ធ្ងន់ធ្ងរ​ ធ្វើឱ្យ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ផ្សេងៗ ​ត្រូវ​បាន​ខូចខាត​យ៉ាង​ដំណំ។

សូម​បញ្ជាក់​ផងដែរថា៖​ ស្ថានភាព​ទឹកជំនន់​នៅ​ក្រុង​ព្រះសីហនុ​ បង្កឡើង​ដោយ​បរិមាណទឹកភ្លៀង​ច្រើនលើសលប់​ និង​ប្រព័ន្ធ​ប្រឡាយ​បង្ហូរ​ទឹក​មាន​ការ​កកស្ទះ ​ហើយ​បច្ចុប្បន្ន​អូរ​ធម្មជាតិ​ចំនួន​ ៥​ សម្រាប់​រំដោះ​ទឹក​ភ្លៀង ទឹក​កខ្វក់​ក្នុង​ក្រុង​ព្រះសីហនុ ​រួមមាន៖ អូរឈើទាល ​អូរសំអាត​ អូរអណ្តូង​អ៊ុនតាក់ ​អូរស្ពានឆេះ​ និង​អូរអេម៉ារីអូ ​កំពុង​ត្រូវ​បានរួមតូចដោ​យសាររងការបែកបាក់​ កកស្ទះ​ដោយ​សារ​សម្រាម និងដី​ និងអូរ ប្រឡាយធម្មជាតិរាក់​ដោយសារដីកកស្ទះ និងការរំ​លោភ​ដោយ​សាងសង់​សំណង់​អគារចូលក្នុងដីអូរ។

ថ្លែង​នៅ​ក្នុងឱកាសចុះពិនិត្យនាពេលនោះ​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ​បាន​មាន​ប្រសាសន៍ថា​ ក្រសួង​ត្រៀម​សហការ​ជាមួយ​ក្រសួង​ស្ថាប័នពាក់ព័ន្ធ​ ដើម្បី​បញ្ចេញគ្រឿងចក្រ​ក្នុងការ​ដោះ​ស្រាយ​កាយ​ប្រព័ន្ធ​លូដែល​កកស្ទះឱ្យបានធំ ងាយ​ស្រួល​រំដោះ​ទឹក​ចេញពីទីក្រុងឱ្យបានឆាប់​ ជៀស​វាង​ផល​ប៉ះពាល់​ផ្លូវថ្នល់ ​ការ​ស្ទះចរាចរណ៍ ​និង​ពិបាក​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ។

ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ​បាន​បញ្ជាក់​ផងដែរ​ថា៖ ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​គម្រោង​ហិរញ្ញប្បទាន​ទឹកប្រាក់ប្រមាណ ​១០០លានដុល្លារអាមេរិក និង​ពី​វិស័យ​ឯកជន​ប្រមាណ ​៤០០​លាន​ដុល្លារ​អាមេរិក បន្ថែម​ទៀត​សម្រាប់​ស្តារ​ ជួសជុល​ និង​ថែទាំ​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ ​ចំនួន ​២២ខ្សែ​ ដែល​រងការខូចខាត​ដោយជំនន់ទឹកភ្លៀង៕

SHARE