

“បារាយណ៍” ជាកន្លែងរក្សាទុកទឹក ជាផ្ទៃដីដែលទំនប់ទឹកត្រូវបានលើកឡើងដើម្បីទប់និងរក្សាទឹកទុក។ តាមការសិក្សាបានបង្ហាញថាបារាយណ៍ត្រូវបានកសាងឡើងជាផ្នែកនៃប្រភពទឹកដ៏ធំធេងដែលត្រូវបានប្រើប្រាស់សម្រាប់វាលស្រែចំការ និងផ្ដល់ទឹកមួយឆ្នាំពេញសម្រាប់ធ្វើកសិកម្មហើយក៏សម្រាប់បម្រើតួនាទីនយោបាយ និង សាសនាផងដែរ។ នៅឯតំបន់អង្គរគេបានរកឃើញបារាយណ៍ដែលជីកដោយមនុស្សសុទ្ធសាធចំនួនបួនធំៗ គឺ៖
១.បារាយឥន្ទ្រតដាក ឬ ហៅថា បារាយណ៍លលៃ ឬ បារាយណ៍ខាងត្បួង មានទំហំ៣២០០ម៉ែត្រ x និង ៧៥០ម៉ែត្រ អាចផ្ទុកទឹកបាន ១០លានម៉ែត្រគូប ត្រូវបានជីកក្នុងរជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី១(ឆ្នាំ ៨៧៧ ដល់ ៨៨៩) មានទីតាំងនៅក្នុងរាជធានីហរិហរាល័យ(តំបន់រលួស)។
២.បារាយណ៍យសោធរតដាកឬបាយរាយណ៍ខាងកើត មានក្រឡាផ្ទៃ ៧.៨គ.ម x ៨៨០ម អាចស្តុកទឹកបាន ៣៦លានម៉ែត្រ គីប ត្រូវបានជីកនៅចុងសតវត្សទី៩ និងដើមសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១(៨៨៩ ដល់ ៩១០) មានទីតាំងនិងម្តុំភូមិព្រះដាក់នៅភាគខាងជើងក្រុងសៀមរាបសព្វថ្ងៃ។
៣.បារាយណ៍ខាងលិច ត្រូវបានជីកឡើងសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទឧទ័យទិត្យវរ្ម័នទី២ (ឆ្នាំ១០៤៩ដល់១០៦៦) មានទំហំ៨គីឡូម៉ែត្រ x ២.២គីឡូម៉ែត្រ មានជម្រៅប្រហែល៧ម៉ែត្រពីខ្នងទំនប់បារាយណ៍ អាចផ្ទុកទឹកបាន៤២លាន ទៅ ៧០លានម៉ែត្រគីប ដែលអាចស្រោចស្រពផ្ទៃដី១១០០០ហិកតា។បារាយ៍នេះមាន ប្រាសាទមេបុណ្យខាងលិចស្ថិតនៅលើកោះសិប្បនិម្មិតមួយនៅកណ្ដាលបារាយណ៍ ។
៤.បារាយណ៍ជយតដាក ត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី៧នៅចុងសតវត្សរ៍ទី១២ មានទំហំ ៣៧០០ម៉ែត្រ x ៩០០ម៉ែត្រ មានទីតាំងនៅប្រាសាទនាគព័ន្ធសព្វថ្ងៃ។ ក្នុងចំណោមបារាយណ៍ទាំងបួនខាងលើ មានតែបារាយណ៍ទឹកថ្លាឬបារាយណ៍ខាងលិចទេដែលនៅមានទឹកសម្រាប់ប្រើប្រាស់និងសម្រាប់ភ្ញៀវទេសចរណ៍មកលេងកម្សាន្ត។ ចំណែកបារាយណ៍បីទៀតត្រូវបានរីងហួតហែងអស់ទៅហើយដោយកត្តាផ្សេងសព្វថ្ងៃនៅសល់តែវាលស្រែព័ទ្ធជុំវិញតែប៉ុណ្ណោះ៕
ដោយ៖ រិន វិចិត្រ