

ក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី ១៧ សីហា នេះថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ជួបប្រទះនឹងការផ្តល់សេវាសាធារណៈ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ក្រោមអាកប្បកិរិយាមិនសមរម្យរបស់មន្ត្រីក្រសួង សូមមេត្តារាយការណ៍ដោយភ្ជាប់ជាមួយនឹងឈ្មោះមន្ត្រី អត្តលេខ ពេលវេលាកើតហេតុ ទីតាំងផ្តល់សេវា រូបភាព វីដេអូ និងភស្តុតាងផ្សេងៗ ដើម្បីខាងក្រសួងពិនិត្យចាត់វិធានការតាមនីតិវិធី។
ការប្រកាសដូច្នេះ ដោយសារថ្មីៗនេះ មានមន្ត្រីស្រីម្នាក់ឈ្មោះ ស៊ីម សុផាត មានតំណែងជាងអនុប្រធានអង្គភាពចុះបញ្ជី និងផ្តល់បណ្ណបើកបរយានយន្ត បានយកជើងចង្អុលស្លាកលេខឡាន មើលទៅហាក់ដូចជាឈ្លើយ រហូតមានការរិះគន់ពីពលរដ្ឋជាខ្លាំង។ ប៉ុន្តែយ៉ាងណាមិញ នៅថ្ងៃនេះមន្ត្រីរូបនេះ ត្រូវផ្ទេរភារកិច្ចេញពីមុខងារជា «មន្ត្រីផ្តល់សេវាសាធារណៈផ្ទាល់» ទៅជា «មន្ត្រីរដ្ឋបាលទូទៅ» ដោយសារតែមន្ត្រីរូបនេះបានប្រព្រឹត្តិ នូវកំហុសឆ្គង តាមរយៈការប្រើប្រាស់អាកប្បកិរិយាមិនសមរម្យ ក្នុងពេលផ្តល់សេវាជូនប្រជាពលរដ្ឋ៕