សូមបងប្អូនខ្មែរជួយគាំទ្របន្ត ! Socials Coffee បុគ្គលិកសុទ្ធតែជនពិការ គ ថ្លង់ ទទួលការគាំទ្ររហូតបើកសាខាទី ៣

356

ហាង​​ Socials Coffee ថ្ងៃនេះបានប្រកាសបើកសម្ពោធសាខាទី៣ របស់ខ្លួនដែលមានទីតាំងនៅក្នុងបរិវេណការិយាល័យកណ្ដាលរបស់ធនាគារ PPCBank នៅតាមមហាវិថីព្រះនរោត្តម។ Socials Coffee ត្រូវបានចាប់ផ្តើមឡើងជាគម្រោងសាកល្បងដោយមានការសហការជាមួយធនាគារ PPCBank ដើម្បីផ្តល់នូវឱកាសការងារសម្រាប់ជនពិការ គ ថ្លង់។

ចាប់តាំងពីការបើកដំណើរការកាលពីឆ្នាំមុនមក Socials Coffee បានពង្រីកសាខាចំនួនបីទីតាំង ដោយទីតាំងទី៣របស់ខ្លួនត្រូវបានដាក់ឲ្យដំណើរការនៅថ្ងៃនេះ ដោយទទួលបម្រើភ្ញៀវពីម៉ោង ៨ព្រឹករហូតដល់ម៉ោង ៨យប់ជារៀងរាល់ថ្ងៃ។
Socials Coffee ត្រូវបានបង្កើតឡើងដោយអតីត​បុគ្គលិកបម្រើការធនាគារ​ លោក Swapnil Deshmukh​។ ហាង Socials Coffee​ គឺជាហាងកាហ្វេតែមួយគត់ក្នុងរាជធានីភ្នំពេញដែលបានតែងតាំងជនពិកា គ ថ្លង់ឲ្យធ្វើជាប្រធានក្រុមមើលការខុសត្រូវក្នុងហាងទាំងមូល។ Socials Coffee ត្រូវបានជាប់ចំណាត់ជាហាងកាហ្វេល្អមួយក្នុងចំណោមហាងកាហ្វេល្អដាច់គេទាំង៣នៅក្នុងរាជធានីភ្នំពេញដោយគេហទំព័រដំណើរកំសាន្ដធំជាងគេក្នុងពិភពលោក“Tripadvisor.com” ។

លោក Swapnil Deshmukh ស្ថាបនិករបស់​ Socials Coffee មានប្រសាសន៍ថា “ពួកយើងពិតជាមានភាពសោមនស្សរីករាយណាស់ដែលមានអតិថិជនជាច្រើនគាំទ្រហាងកាហ្វេរបស់យើង។ អតិថិជនបន្ដមកកាន់ហាងកាហ្វេយើងដោយសារពួកគេពេញចិត្តជាមួយរសជាតិ និងសេវាកម្មរបស់ហាងកាហ្វេយើង។ ការគាំទ្ររបស់អតិថិជនមកកាន់ Socials Coffee​ គឺមានន័យថាអតិថិជនគឺកំពុងតែជួយគាំទ្រទៅដល់សហគមន៍ជនពិការ គ ថ្លង់។” លោកបានបន្ថែមទៀតថា “យើងទទួលបានជោគជ័យយ៉ាងច្រើនក្រៃលែងក្នុងដំណាក់កាលទីមួយរបស់យើងក្នុងការបង្កើតឲ្យមានហាងកាហ្វេមួយដែលទទួលបានការស្រឡាញ់ច្រើន ដែលត្រូវបានគ្រប់គ្រង និងមើលការខុសត្រូវ​ដោយក្រុមការងារដែលជាជនពិកា គ ថ្លង់។ ពេលនេះពួកយើងកំពុងចាប់ផ្ដើមជាមួយដំណាក់កាលទី២នៃដំណើររបស់យើង ដោយការសហការជាមួយហាងកាហ្វេដទៃទៀតក្នុងការជួយបណ្ដុះបណ្ដាលទៅដល់បុគ្គលិកជាជនពិកា គ ថ្លង់ និង ការធ្វើអាជីវកម្មហាងកាហ្វេដែលគ្រប់គ្រង និង មើលការខុសត្រូវដោយជនពិកា គ ថ្លង់។”

ធនាគារ PPCBank គឺជាដៃគូសហការដ៏ចម្បងមួយរបស់ Socials Coffee ​ដោយធនាគារបានផ្តល់ជាទីតាំងសម្រាប់ឲ្យ​ Socials Coffee បើកដំណើរការ ហើយធនាគារនេះក៏បានដើរតួយ៉ាងសំខាន់ដែលនាំឲ្យ Socials Coffee អាចមានលទ្ធភាពពង្រីកសាខាទី៣របស់ខ្លួន។ លោក Andrew Shin ប្រធានក្រុមហ៊ុនរបស់ធនាគារ PPCBank មានប្រសាសន៍ថា “ពួកយើងពិតជាមានភាពសប្បាយរីករាយណាស់នៅពេលបានឃើញភាពរីកចម្រើនទៅមុខយ៉ាងមានសន្ទុះរបស់ហាង Socials Coffee។

គោលគំនិតនៃហាងកាហ្វេយើងគឺបានផ្តល់ប្រយោជន៍ដល់ភាគីទាំងអស់រួមមាន ស្ថាបនិកដ៏មានទឹកចិត្តជ្រះថ្លា ចំពោះសមាគមន៍ជនពិការ គ ថ្លង់ កម្ពុជា គឺពួកគេទទួលបានឱកាសធ្វើការងារ​ និង អតិថិជនរបស់ហាង Socials Coffee ទាំងអស់ដែលបានរកឃើញគ្រាប់ត្បូងដែលមានតម្លៃមួយនេះ និងអតិថិជនទាំងអស់របស់ធនាគារ អាចរីករាយជាមួយកាហ្វេដែលមានរសជាតិឆ្ងាញ់ ក្នុងកំឡុងពេលដែលពួកគេកំពុងទទួលសេវាកម្មពីធនាគារយើង។ វាពិតជារំភើបណាស់សម្រាប់ពួកយើងដែលបានដឹងថាពួកយើងបានជួយឲ្យគម្រោងមួយនេះទទួលបានជោគជ័យ។

ពួកយើងមានការជុំរុញទឹកចិត្តពី Socials Coffee ក្នុងការជួយឲ្យសង្គមកម្ពុជាកាន់តែមានការរួបរួមគ្នា។ នៅពេលដែលលោក Swapnil បានស្នើរសុំឲ្យមានផ្លូវសម្រាប់រទះរុញ ពួកយើងក៏បានជួសជុសជណ្តើរនៅសាខាកណ្ដាលរបស់យើងភ្លាមដើម្បីបំពេញតាមការស្នើរសុំ។ ពួកយើងនឹងបន្ដជួយគាំទ្រទៅដល់ Social Coffee តាមរយះការផ្តល់កន្លែងបន្ថែមទៀតនៅតាមសាខាផ្សេងៗរបស់ធនាគារយើង ​ការជួយផ្សព្វផ្សាយ និង ការផ្ដល់ឱកាសឲ្យពួកអាចផ្ដល់សេវាភេសជ្ជៈមកដល់ពួកយើង។ ខ្ញុំសង្ឃឹមថាអាជីវកម្មដទៃ ទៀងនឹងយកគំរូតាម។

នៅតាមសាខានីមួយៗរបស់ Socials Coffee គឺមានបញ្ជីរាយនាមភេសជ្ជៈពិសេសមួយដែលអាចឲ្យមនុស្សពិការភ្នែកអាចអានបាន។ Socials Coffee បានប្តេជ្ញាចិត្តចំពោះរការអាជីវកម្មដែលគិតគូរទៅលើផលប៉ះពាល់របស់បរិស្ថាន ដូច្នេះហើយពួកគេប្រើទុយោដែកសម្រាប់ភេជ្ជៈដែលភ្ញៀវកុម្ម៉ង់ញ៉ាំនៅក្នុងហាង និងទុយោក្រដាសសម្រាប់ការខ្ចប់។ Socials Coffee មានបម្រើភេសជ្ជៈដូចជា ផ្លែប័រ អេស្ព្រែសសូ កាហ្វេពងមាន់ កាហ្វេដូង និងមាន ភេសជ្ជៈផ្សេងៗទៀតសម្រាប់សុខភាពរួមមានទឹកផ្លែឈើស្រស់ជួយកាត់បន្ថយជាតិខ្លាញ់ក្បាលពោះ និងថែរក្សាស្បែកផងដែរ។ Socials Coffee ក៏ចាប់អារម្មណ៍ក្នុងការពង្រីកសាខារបស់ខ្លួននៅឯប្រទេសជិតខាងផងដែរដូចជាប្រទេស វៀតណាម និងឡាវនាពាក់កណ្តាលឆ្នាំ២០១៩៕

រៀបរៀងដោយ៖ រដ្ឋា

SHARE