ត្រួសៗពី ប្រវត្តិប្រាសាទព្រះគោ ដែលកូនខ្មែរគួរយល់ដឹង…!

315

ប្រាសាទព្រះគោមានទីតាំងស្ថិតនៅចម្ងាយប្រមាណ១៣គីឡូម៉ែត្រ នៃភាគខាងកើតពីទីក្រុងសៀមរាប ហើយស្ថិតនៅក្នុងបរិវេណនៃអតីតរាជធានីហរិហរល័យនាសម័យបុរាណ ប៉ុន្តែសព្វថ្ងៃស្ថិតនៅក្នុង ភូមិឪឡោក ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប នៃតំបន់រលួស។ប្រាសាទព្រះគោជាប្រាសាទមួយស្ថិតនៅចន្លោះបា្រសាទបាគង និងប្រាសាទលលៃ នៅខាងលិចផ្លូវទៅកាន់ប្រាសាទបាគង។

ប្រាសាទព្រះគោ ត្រូវបានប្រជាជនសម័យក្រោយដាក់ឈ្មោះថាប្រាសាទព្រះគោ ដោយយោងទៅតាមរូបសំណាក់ព្រះគោចំនួនបីចំពីមុខប្រាង្គទាំងបីនៃប្រាសាទនេះ។ ប៉ុន្តែតាមពិតបើយោងតាមសិលាចារឹកលេខ K-៧១៣ ប្រាសាទព្រះគោមានឈ្មោះដើមថា បរមេស្វរៈ(អានថា ស្រី ប៉ាក់រ៉ាក់មេ ស្វាក់រ៉ាក) ជាភាសាសំស្ក្រឹតដែលមានន័យថាព្រះសិវៈដល់ប្រសើរ ជាឈ្មោះព្រះសិវៈនិងព្រះមរណនាមព្រះបាទជ័យវរ្ម័នទី២។

ប្រាសាទព្រះគោនេះត្រូវបានកសាងឡើងនៅសតវត្សរ៍ទី៩ ដោយព្រះបាទឥន្រ្ទវរ្ម័នទី១ (៨៧៧-៨៨៩) ដើម្បីឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។ នេះក៏ជាប្រាសាទ ដែលសង់ឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះមាតាបិតារបស់ព្រះអង្គ និងបុព្វជន ព្រះបាទជ័យវរ្ម័នទី២ និងព្រះអគ្គមហេសី។យោងតាមសិលាចារឹកបានសរសរថា ៖ ព្រះបាទឥន្រ្ទវរ្ម័នទី១បានរៀបចំពីធីឆ្លងឧទ្ទិសប្រាសាទនេះនៅឆ្នាំ៨៨០ ដើម្បីឱ្យមានប្រាសាទទិព្វផុសឡើងនៅស្ថានព្រះឥសូរ សម្រាប់ថ្វាយដល់បុព្វការីជនរបស់ព្រះអង្គ ហើយពីធីឆ្លងនេះជាលទ្ធិព្រលឹងហើយបន្តមកដល់សព្វថ្ងៃក្លាយជាប្រពៃណីរៀបចំបុណ្យភ្ជំបិណ្ឌរបស់ខ្មែរ។ប្រាសាទព្រះគោត្រូវបានជុសជុលដោយគម្រោងពីរផ្សេងគ្នាគឺ ទី១គម្រោងរបស់ប្រទេសហុងគ្រី ចាប់ពីឆ្នាំ១៩៩៤ ដល់ ឆ្នាំ១៩៩៦ និងដំណាក់កាលទី២ដោយគម្រោងរបស់ប្រទេសអាឡឺម៉ង់ ចាប់ផ្តើមនៅឆ្នាំ១៩៩១-២០០៣ លុះបច្ចប្បន្នបន្តដោយអភិរក្សដោយគម្រោងរបស់អាឡឺម៉ង់សហការជាមួយអាជ្ញាធរជាតិអប្សរា។

ដកស្រង់ពី៖សៀវភៅមគ្គុទ្ទេសក៍អាណាចក្រអង្គរ ភាគ១ លោក ហែម សោភ័ន្ត ទំព័រទី ២៣។

ដោយ៖ រិន វិចត្រ