កូនខ្មែរគួរយល់ដឹង! រឿងស្មានមិនដល់ពី ប្រ​វត្តិវិហារសសរមួយរយ នៅវត្តសសរមួយរយខេត្តក្រចេះ

688

វត្ត​សសរ​១០០​ជា​វត្ត​ដ៏​ចំណាស់​មួយ​នៅ​ប្រទេស​កម្ពុជា ដែល​ស្ថិតនៅ​ស្រុក​សំបូរ ចម្ងាយ​ប្រហែល​៣៦​គ​.​ម ខាងជើង​ទី​រួម​ខេត្តក្រចេះ​។ វត្ត​នេះ ត្រូវបាន​សាងសង់ឡើង​នៅ​ចំ​ទីតាំង​របស់​រាជវាំង​នគរ​ស​ម្ភ​បុ​រៈ នៃ​អាណាចក្រ​ចេនឡា​។​

យោងតាម សៀវភៅ «​ប្រវត្តិ​ព្រះវិហា​ធំ​សរសរ​១០០» បាន​បញ្ជាក់ថា វត្ត​នេះ​មាន​ចេតិយ​បុរាណ​មួយ ដែល​បាន​បញ្ចុះ​អដ្ឋិធាតុ​សែ​រាជវង្ស​ខ្មែរ  ដោយមាន​ចារ​ព្រះនាម​សែស្រឡាយ​ក្សត្រ​ខ្មែរ នៅក្នុង​ផ្ទាំង​ចារឹក​មួយ នៅ​ចំ​ពីមុខ​ព្រះរាជ​ចេតិយ ផងដែរ​។ព្រះរាជ​ចេតិយ​ដែលមាន​នៅក្នុង​ទីធ្លា​វត្ត​សសរ​១០០ ត្រូវបាន​កសាងឡើង​ដោយ ព្រះបាទ​ចន្ទ​រាជា​នៅក្នុង​ឆ្នាំ​១៥២៩ ពោលគឺ​មុន​ការកសាង​វត្ត​ទៅទៀត​។ ទ្រង់​បាន​បញ្ចុះ​ព្រះរាជ​អដ្ឋិធាតុ​ធីតា របស់​ព្រះអង្គ ព្រះនាម​ព្រះអង្គម្ចាស់​អនុ​ជាតិ​ក្ស​ត្រី​យ៍​វ​រ​ក័​ក្ត្រ ឬ ព្រះ​នាង​ក្រពុំ​ឈូក ។

តាមរឿងព្រេងបានដំណាលថានៅសតវត្ស​ទី​១៦​ រជ្ជ​កាល​ព្រះបាទ​ច័ន្ទ​រាជា ទ្រង់​គង់​នៅ​អតីត​រាជធានី​ឧត្តុង្គ។ ព្រះ​អង្គ​​មាន​ព្រះរាជ​បុត្រី​មួយ​អង្គ​ព្រះនាម វរ​ភ័ក្ត្រ​។ ពេល​​ព្រះ​រាជបុត្រី​ប្រឈួន​ ព្រះ​បិតា​​បាន​បញ្ជា​ឲ្យ​គេ​ទៅ​និមន្ត​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ នាគ​សែន (​មាន​ទីតាំង​នៅ​ ឃុំ​ច្រោយ​បន្ទាយ​ ស្រុក​ព្រែក​ប្រសប់​) ដើម្បី​ព្យាបាល​ជំងឺ​របស់​ព្រះ​រាជបុត្រី​។ ពេល​​ព្រះ​គ្រូ​ចៅ​អធិការ​មិន​នៅ​វត្ត​ ​នេន​ធន់​ ជា​សិស្ស​សំណព្វ​របស់​ព្រះ​គ្រូ​បាន​លួច​រៀន​វិជ្ជា​មន្តអាគម​ស្ងាត់​ៗ​ ហើយ​​អាច​ប្រែ​​ក្រឡា​ខ្លួន​ទៅ​ជា​សត្វ​ក្រពើ​ហៅ​ថា “​ក្រពើ​នេន​ធន់​”​។ នៅ​ពេល​ព្រះ​​គ្រូ​បាន​មក​ដល់​វិញ​ នេន​ធន់​បាន​ក្លាយ​ទៅ​ជា​ក្រពើ​ និង​មិន​អាច​ត្រឡប់​មក​ក្លាយ​ជា​មនុស្ស​វិញ​បាន។ក្រោយ​មក គាត់​តែង​តែ​ដឹក​ព្រះ​គ្រូ​​ដោយ​ដាក់​​លើ​ខ្នង​ ដើម្បី​ទៅ​ព្យាបាល​ជំងឺ​បុត្រី​របស់​ស្តេច​ជា​រឿយៗ​។ ថ្ងៃ​មួយ មាន​ក្រពើ​មួយ​ឈ្មោះ​សុពណ៌​កាឡី​ ចង់​ផ្ចាញ់​នេន​ធន់ ក៏​បាន​បង្អាក់​ដំណើរ​នេន​ធន់ នៅ​ពេល​កំពុង​​ដឹក​គ្រូ​មក​ពី​វាំង​វិញ​។​ ​ក្រពើ​ទាំងពីរ​បាន​​វាយប្រហារ​គ្នា​។

នេន​ធន់​មិន​អាច​រក​វិធី​ជួយ​គ្រូ​បាន​ ​ក៏​សម្រេចចិត្ត​លេប​គ្រូ​ចូល​ក្នុង​ពោះ​ ដើម្បី​រក្សា​សុវត្ថិភាព​មួយ​រយៈ​។ ការ​ប្រយុទ្ធ​គ្នា​អស់​រយៈ​ពេល​៣​ថ្ងៃ​ ៣​យប់​ ហើយ​ចុងក្រោយ​ សុពណ៌​កាឡី​ បាន​ចាញ់​ និង​ស្លាប់​បាត់​ទៅ​ដែល​​បាន​ក្លាយ​ទៅ​ជា​ភ្នំ​ ដែល​មាន​ឈ្មោះ​ថា​ ភ្នំ​សុពណ៌​កា​ឡី​ មក​ដល់​សព្វថ្ងៃ​។ នៅ​ពេល​នេន​ធន់​ ខ្ជាក់​គ្រូ​ចេញ​មក​ពី​ពោះ​វិញ​ គ្រូ​​បាន​សុគត​បាត់​ទៅ​ហើយ​។ នេន​ធន់​ មាន​អារម្មណ៍​សោក​ស្តាយ​ជា​ខ្លាំង​ ហើយ​ចង់​សម្លាប់​បុត្រី​របស់​ស្តេច​ ដោយ​គិត​ថា ​មក​ពី​នាង​ជា​ដើម​ហេតុ​ធ្វើឲ្យ​គ្រូ​របស់​គាត់​ស្លាប់​។ នេន​ធន់​ ​លួច​លេប​បុត្រី​របស់​ស្តេច​ចូល​ក្នុង​​ពោះ​ ដែល​កំពុង​តែ​លេង​នៅ​មាត់ទឹក​ក្នុង​ព្រះរាជវាំង។​ ​ព្រះអង្គ​ច័ន្ទ​រាជា​បាន​បញ្ជា​ឲ្យ​គេ​ទៅ​តាម​ នេន​ធន់ រហូត​ចាប់​បាន​នេន​ធន់​ ​នៅ​កន្លែង​មួយ​ហៅ​ថា សំបូរ។​ ហោរា​បាន​ទាយ​ថា ព្រះ​នាង​នៅ​ក្នុង​ពោះ​របស់​ក្រពើ​នេន​ធន់​នៅ​មាន​ជីវិត​ ដូច្នេះ​ព្រះ​អង្គ​បញ្ជា​ឲ្យ​គេ​​វះ​ពោះ​​ក្រពើ​នោះ​ ដើម្បី​យក​បុត្រី​ចេញ​មក​ក្រៅ។ ​ពេល​នោះ​ក្រពើ​​បាន​ស្លាប់​ ហើយ​ព្រះ​នាង​ក៏​​បាន​ចូល​ទី​វង្គត់។

ក្រោយ​​មក​ព្រះ​អង្គ​បាន​បញ្ជា​ឲ្យ​គេ​បណ្ដែត​កណ្ដូង​​​ដើម្បី​ដឹង​ថា​តើ​ព្រះ​អង្គ​ចង់​គង់​នៅ​កន្លែង​ណា។ កន្ទោង​​នោះ​បាន​អណ្ដែត​មក​ទើរ​នៅ​មាត់​ទន្លេ​​ជិត​វត្ត​សព្វ​ថ្ងៃ​។ ដូច្នេះ​ហើយ​​ព្រះ​អង្គ​ច័ន្ទរាជា​បាន​​កសាង​វត្ត​សសរ​១០០​នេះ​ឡើង​ដើម្បី​​បញ្ចុះសព​របស់​បុត្រី​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណ​របស់​ព្រះ​នាង។តាម​ការ​ឲ្យ​ដឹង​ពី​​ ​ព្រឹទ្ធាចារ្យ​ដែល​ត្រូវ​​បាន​ចាត់​ឲ្យ​ប្រចាំ​ការ​នៅ​ចេតិយ​ព្រះ​នាង​ក្រពុំ​ឈូក​​បាន​ឲ្យ​​ដឹង​ពី​អត្ថន័យ​នៃ​សសរ​ទាំង​១០០​នោះ​ថា​ បន្ទាប់​ពី​ព្រះ​នាង​ក្រពុំ​ឈូក​​ចូល​ទី​វង្គត់​ទៅ​ ព្រះ​បិតា​ព្រះ​​បាទ​ច័ន្ទរាជា​បាន​​កសាង​វិហារ​សសរ​មួយ​រយ​​ដើម្បី​​រំលឹក​ដល់​​​​​បុត្រី​របស់​ព្រះ​អង្គ។ ពេល​នោះ​អ្នក​បម្រើ​ចំនួន​១០០​នាក់​របស់​ព្រះ​នាង​បាន​ស្ម័គ្រ​ចិត្ត​​បូជា​​ជីវិត​ទៅ​ជា​មួយ​ព្រះ​នាង​ដែរ​ ​ហើយ​ត្រូវ​បាន​គេ​យក​​អ្នក​បម្រើ​ទាំង​នោះ​ទៅ​ដាក់​នៅ​ព្រះ​វិហារ​នោះ​ដែរ។ ដូច្នេះ​​មាន​ន័យ​ថា​ សសរ​ទាំង​១០០​ដើម​នោះ​គឺ​តំណាង​ឲ្យ​​អ្នក​បម្រើ​ទាំង​១០០​នាក់​របស់​ព្រះ​នាង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ហោរា​ទស្សន៍ទាយ​ដែល​បាន​ទាយ​ថា​ ព្រះ​នាង​មាន​ជីវិត​ពេល​នៅ​ក្នុង​ពោះ​ក្រពើ​នេន​ធុន​ និង​មេទ័ព​​ដែល​ដឹក​នាំ​តាម​ចាប់​ក្រពើ​នេន​ធន់​ក៏​ត្រូវ​បាន​កសាង​រូប​សំណាក់​នៅ​ជិត​ចេតិយ​របស់​ព្រះ​នាង​ក្រពុំ​ឈូក​នោះ​ដែរ។ ​​​នៅមណ្ឌលនោះមានវិហារចំនួន ៤ គឺ ៖

  • វិហារ លាវ បែរមុខទៅទិសខាងលិច
  • វិហារ សសរ១០០ បែរមុខទៅទិសខាងជើង
  • វិហារ គោកកើត បែរមុខទៅទិសខាងកើត
  • វិហារគោក បែរមុខទៅទិសខាងត្បូង (វិហារនេះនៅសល់តែគ្រឹះ និង ស្លាកស្នាមតែប៉ុណ្ណោះ)។

វិហារសសរ ១០០ កសាងឡើងនៅអំឡុងឆ្នាំង ១៨០៦ មានទំហំ ៣០x៣០ម។ វិហារសសរ១០០ ពីដើមប្រក់ស្បូវជាស្នាព្រះហស្ថនៃព្រះអង្គចន្ទរាជា ដើម្បីឧទ្ទិសថ្វាយ ព្រះនាងវ័រកក្រ្តជាបុត្រីព្រះអង្គដែបានសោយទីវង្គត់ដោយក្រពើនេនធនលេប។ នៅក្នុងវត្តនេះផងដែរ​គេបានបញ្ចុះ​ព្រះរាជ​អដ្ឋិធាតុ ព្រះ​ស​ត្ថា​ទី​១ ព្រះ​ជ័យជេដ្ឋា​ទី​១ ព្រះរាជ​សំភារ ចៅពញា​តូ ព្រះ​នាង​ព្រះ​ម៉ែ​យួ បុ​ប្ឋា​វ​តី និង​ព្រះរាជវង្សានុវង្ស​ជាច្រើន។

​​សៀវភៅ «​ប្រវត្តិ​ព្រះវិហា​ធំ​សរសរ​១០០» បានបញ្ជាក់​ផងដែរ​ថា បន្ទាប់ពី​កសាង​ចេតិយ​រួច ព្រះរាជា​បាន​ឲ្យ​គេ​សាងសង់​រោងបុណ្យ​ប្រក់​ស្បូវ​យ៉ាង​ស្រស់​ស្អា​ត់​មួយ ក្បែរ​ចេតិយ​នោះ​ដោយមាន​សសរ​ចំនួន​១០០​ដើម​។ ក្រោយពី​សាងសង់​រោងបុណ្យ​រួច  ព្រះរាជា​ត្រាស់បង្គាប់​ឲ្យ​រៀបចំ​ពិធីបុណ្យ​ធំ​នៅ​ជិត​មាត់ទន្លេ ដែល​នៅ​ចម្ងាយ​ពី​ឆ្ងាយ​ពី​ព្រះ​ចេតិយ និង​រោងបុណ្យ​នេះ ដោយមាន​អ្នកចូលរួម​ច្រើន​កុះករ​។ នៅក្នុង​ពិធីបុណ្យ​នោះ ព្រះរាជា​ទ្រង់​បាន​ប្រសិទ្ធ​នាម​រោងបុណ្យ​នោះ​ថា «​ព្រះវិហារ​ធំ​» លុះ​ក្រោយមកទៀត ទី​អារាម​នេះ​ក៏​ត្រូវបាន​គេ​ហៅថា «​ព្រះវិហារ​ធំ​សសរ​១០០»​។

ក្រោយមកវិហារនោះក៏ត្រូវបានរន្ទះបាញ់បណ្តាលអោយរងការខូចខាត ព្រះវិហារ​ដែលមាន​ដំបូល​ប្រក់​ស្បូវ ត្រូវបាន​បំផ្លាញ​ដោយ​រន្ទះភ្លើង​បាញ់ ដែល​បានធ្វើ​អោយសសរ​២៨​ដើម​ឆេះ​អស់ ហើយ​នៅសល់​សសរ​តែ​៧២ ដើម​ប៉ុណ្ណោះ ហើយ​ព្រះ​ពុទ្ធបដិមា​ប្រលាក់​ដោយ​ផ្សែងភ្លើង​។  មកដល់​ខែធ្នូ​គ​.​ស ១៩៥៥ សម្ដេចព្រះ ឧបយុវរាជ ន​.​សីហនុ ទ្រង់​បាន​ស្ថាបនា​ព្រះ​ចេតិយ​នេះ​ជាថ្មី ហើយ​ទ្រង់​បាន​សម្ពោធ​ឆ្លង​ព្រះ​ចេតិយ​នេះ នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៥៦​។​នៅក្នុងសម័យខ្មែរក្រហមព្រះវិហារនេះត្រូវរងការខូចខាត ហើយមកដល់ឆ្នាំ១៩៩៧ វិហារសសរ១០០ ក៏ត្រូវបានរៀបចំកសាងជាថ្មីឡើងវិញទៀតដែលមានបណ្ដោយ៣៥ម ទទឹង ១៨ម កំពស់ ២៣ម និង ចំណុះសសរ ១១៦ដើម សង់រួចជាស្ថាពររហូតបានសម្ភោធ និង បញ្ចុះសីមា នាថ្ងៃទី ១៤ ខែ មករា ឆ្នាំ ១៩៩៨។

ប្រភព៖ សៀវភៅ ​ប្រវត្តិ​ព្រះវិហា​ធំ​សរសរ ​១០០

ដងកស្រង់នឹងប្រែប្រួលដោយ ៖ រិន វិចិត្រ

Loading...