ថ្ងៃទី ១៩ ខែកញ្ញាជាការបង្ហាញ Huawei Mate 30 និង Mate 30 Proជាផ្លូវការ និងភ្ជាប់មកជាមួយឈីប Kirin 990

122

គេហទំព័ររបស់ប្រទេសរុស្ស៊ីបានចេញផ្សាយព័ត៌មានអំពីកាលវិភាគនៃការដាក់បង្ហាញទូរស័ព្ទ Huawei Mate 30 និង Mate 30 Pro នឹងមានលក់នៅអឺរ៉ុបនៅថ្ងៃទី ១៩ ខែកញ្ញា បន្ទាប់ពី Samsung Galaxy Note10 អាចត្រូវបានដាក់បង្ហាញក្នុងរយៈពេលតែជាងមួយខែ។

យោងតាមDr. Wang Chenglu នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei បាននិយាយអំពីបន្ទះឈីបថ្មីប្រភេទ Kirin 990 ដែលនឹងត្រូវដាក់ឱ្យដំណើរការជាមួយនឹងស្មាតហ្វូន Huawei Mate 30 និង Mate 30 Pro ដែលបានធ្វើឱ្យប្រសើរឡើងនូវការអនុវត្តនិងកាត់បន្ថយការប្រើប្រាស់ថាមពលកាន់តែប្រសើរ ប៉ុន្តែពាក្យចចាមអារាមមុននេះបាននិយាយថាវាជាបន្ទះឈីប Kirin 985 ដែលប្រហែលជាដូចគ្នា​ ប៉ុន្តែមិនទាន់បានកំណត់ឈ្មោះសម្រាប់​ទីផ្សារផ្លូវការនៅឡើយទេ។

កាលវិភាគនៃការដាក់បង្ហាញស្មាតហ្វូន Huawei Mate 30 ពីប្រភពចុងក្រោយនេះនឹងត្រូវបានចេញផ្សាយតែលើប្រព័ន្ធ 4G LTE ប៉ុណ្ណោះ​ ខណៈម៉ូដែល Mate 30 5G នឹងត្រូវធ្វើឡើងនៅចុងខែធ្នូឆ្នាំនេះ។ ហើយស្មាតហ្វូនស៊េរីថ្មីនេះនឹងទ្រទ្រង់ប្រព័ន្ធសាកថ្មទំហំ 55វ៉ាត់។

លើសពីនេះទៀត យោងតាមពាក្យចចាមអារាមមុន ៗ Mate 30 នឹងមានអេក្រង់ធំជាងមុន ស្កេនមុខឱ្យកាន់​តែ​ត្រឹមត្រូវ។ ហើយវានឹងមានកាមេរ៉ាខាងក្រោយរហូតដល់ទៅ 4គ្រាប់ដែលក្នុងនោះ2គ្រាប់មានទំហំ 40 មេហ្គា​ភិច​ស៊ែលដែលមានម៉ូឌុលកាមេរ៉ារាងជារង្វង់។

ប្រសិនបើកាលបរិច្ឆេទបើកដំណើរការនេះពិត មានន័យថាក្រុមហ៊ុន Huawei កំពុងព្យាយាមដាក់បង្ហាញ Mate Series លឿនជាងឆ្នាំមុន។

ប្រែសម្រួលៈហុងម៉េង

ប្រភព៖ gsmarena