សម្តេច បង្ហាញ​សារ​ព្រួយបារម្ភ​និង​ឲ្យ​ពលរដ្ឋប្រុងប្រយ័ត្នមែនទែនរឿង​ព្យុះពីថ្ងៃ ១០-១៦ សីហា

55363

សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាលកម្ពុជា បាន​បង្ហាញ​សារ​ព្រួយបារម្ភ ក្រោយ​ឃើញ​ខេត្ត​ព្រះសីហនុ ខេត្តរតនគិរី និង​ខេត្តមួយចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​រងគ្រោះខ្លាំង​ដោយសារ​ទឹកជំនន់ទឹកភ្លៀងជា​ប្រវត្តិសាស្ត្រ។

សម្តេច បាន​បញ្ជាក់​លើ​ទំព័រ​ហ្វេសប៊ុក​ថា «ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា កម្ពុជាយើង ចាប់ពីថ្ងៃទី១០ ដល់១៦ ខែសីហា ឆ្នាំ២០១៩នេះ ដោយឥទ្ធិពលព្យុះ និងខ្យល់មូសុងនិរតី បណ្តាលឲ្យខេត្តជាប់មាត់សមុទ្រ ពិសេសខេត្តព្រះសីហនុ និងកោះកុង រួមទាំងខេត្តជាប់ព្រំដែនវៀតណាម គឺភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ដែលអាចបង្កជាជំនន់ទឹកភ្លៀង ខណៈរាជធានីខេត្តផ្សេងៗទៀត មានភ្លៀងធ្លាក់ពីតិចទៅច្រើន។ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តដែលត្រូវប្រឈមឥទ្ធិពលជំនន់ទឹកភ្លៀងនេះ សូមមានការប្រុងប្រយ័ត្ន។»

បន្ថែម​ពី​​នេះ ប្រមុខ​រដ្ឋាភិបាលកម្ពុជា បាន​ថ្លែង​​អរគុណដល់​ អាជ្ញាធរ​ មានសមត្ថកិច្ច​ គ្រប់ជាន់ថ្នាក់ដែលបាន​ យកចិត្តទុកដាក់ជួយសង្គ្រោះ​បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នាពេលនេះ។ សូមក្រសួងធនធានទឹក​ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវមានវិធានការឲ្យបានខ្ពស់សម្រាប់រំដោះជំនន់ទឹកភ្លៀង និងបញ្ជៀសការគ្រោះដល់ប្រជាពលរដ្ឋ៕

 

ដោយ៖ រតនា

SHARE