ពេលនិយាយដល់ម៉ាកឡានប្រណិតពេញនិយមនៅខ្មែរ គ្រប់គ្នាប្រាកដជានឹកដល់ Lexus ភ្លាម ព្រោះថាវាជាម៉ាករថយន្តស៊ីម៉ាករបស់ Toyota ដែលនរណាក៏ចង់បាន។
ម៉ាក Lexus មិនថានៅខ្មែរ អាមេរិក និងនៅតាមបណ្តាប្រទេសចំនួន ៤០ លើពិភពលោក គឺសុទ្ធតែពេញនិយមនិងឲ្យតម្លៃខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ដោយសារគុណភាព រូបរាង និងបច្ចេកវិទ្យាទំនើបបំពាក់ក្នុងឡាន តែគួរឲ្យសោកស្តាយបើក្រឡេកទៅមើលប្រទេសជប៉ុនដែលជាទឹកដីកំណើតរបស់ Lexus ខ្លួនឯងវិញ គឺថាបរាជ័យធ្ងន់ក ដោយសារតែ BMW និង Mercedez របស់អាល្លឺម៉ង់ ហើយមូលហេតុគឺដូចខាងក្រោម។
ក្រោយពី Toyota បានរកឃើញយុទ្ធសាស្រ្តបំបែកទីផ្សារចូលទឹកដីអាមេរិកនៅឆ្នាំ ១៩៨៩ ដោយការបង្កើតក្រុមហ៊ុនផលិតម៉ាករថយន្តថ្មីគឺ Lexus។ ការធ្វើដូច្នេះគឺដើម្បីឲ្យ Lexus ក្លាយជាម៉ាករថយន្តពេញនិយមសម្រាប់ប្រជាជនអាមេរិក ដើម្បីយកឈ្នះម៉ាករថយន្តដែលផលិតនៅប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ។ ដូច្នេះក្រោមវត្តមាន Lexus ប្រជាជនអាមេរិកមិនចាប់អារម្មណ៍ទេថា វាជ្រកក្រោមដំបូល Toyota របស់ជប៉ុនឬនិយាយឲ្យខ្លីថាមិនដឹងថាវាជាសាច់ឈាមរបស់ Toyota។ តាមរយៈយុទ្ធសាស្រ្តនេះ Lexus រីកខ្លួនកាន់តែធំនៅទឹកដីអាមរិក រហូតវ៉ាដាច់ឡានម៉ាកល្បីៗដែលផលិតនៅប្រទេសអាមេរិកផ្ទាល់ថែមទៀតផង។
ប៉ុន្តែតាំងពី Toyota បាននាំ Lexus ទៅទឹកដីអាមេរិកតាំងពីឆ្នាំ ១៩៨៩ រហូតដល់ឆ្នាំ ២០០៥ ទើប Lexus ដាក់លក់រថយន្តដំបូងត្រកូល Lexus GS និង IS នៅទីផ្សារជប៉ុន ប៉ុន្តែប្តូរពីឈ្មោះ Lexus GS ទៅ Toyota Aristo និង Lexus IS ទៅឈ្មោះ Toyota Altezza ដោយពេលនោះទទួលបានជោគជ័យគ្រាន់បើ តែមិនមែនក្នុងនាមឡានប្រណិតដូចម៉ាក BMW និង Mercedez របស់អាល្លឺម៉ង់ឡើយ។ Toyota ក៏គិតចង់រកអត្តសញ្ញាណជាក់លាក់ ដើម្បីឲ្យប្រជាជនជប៉ុនទទួលស្គាល់ Lexus តែបានបោះទុនរាប់ពាន់លានដុល្លារដើម្បីសិក្សា រហូតពន្យាពេលនាំរថយន្តពាក់ស្លាក Lexus ចូលទឹកដីជប៉ុនច្រើនឆ្នាំ ទើបធ្វើឲ្យ BMW និង Mercedez ប្រមូលយកទីផ្សារកប់ក្តោងទៅហើយ។
ក្រោយមក Toyota បាននាំយកម៉ាក Toyota ស៊េរីទំនើបបីគ្រឿងតែពាក់ស្លាក Lexus ដាក់លក់នៅជប៉ុន តែដោយសារម៉ាក Toyota មានប្រើសឹងតែគ្រប់ទិសទីនៅជប៉ុន ហើយសេវាកម្មក៏ដដែល រូបរាងក៏ដូចគ្នា Lexus ពេលនោះបរាជ័យលក់ Lexus ទាំងបីស៊េរីនៅជប៉ុន។ បន្ទាប់មក Toyota បានដឹងពីចំណុចខ្សោយ ទើបព្យាយាមរចនារូបរាងឡានទាំងផ្នែកខាងក្រៅនិងខាងក្នុងរួមទាំងបច្ចេកវិទ្យាថ្មីឲ្យប្លែកគ្នានិងទំនើបជាងមុន ដើម្បីយកទៅបង្ហាញដាក់លក់នៅ Showroom របស់ Lexus ក្នុងប្រទេសជប៉ុន។
ប៉ុន្តែទោះយ៉ាងណាវាយឺតពេលសម្រាប់ Lexus លើទឹកជប៉ុន ដោយរហូតមកដល់បច្ចុប្បន្ន Lexus បានត្រឹមឈរនៅលំដាប់លេខ ១៤ ពីក្រោយ BMW, Mercedez, Volkswagen, និង Honda ជាដើម ទោះបី Toyota ឈរលំដាប់លេខ១ ក៏ដោយ៕
អត្ថបទ៖ រតនា