ពីក្មេងដើរលក់ឥវ៉ាន់តាមផ្សារ ក្លាយជាម្ចាស់ហាងពេជ្រធំមួយ ព្រោះពាក្យមើលងាយមួយឃ្លា

0
2073

មនុស្ស​មិន​អាច​មើល​ងាយ ឬ​វាយ​តម្លៃ​អនាគត​របស់​នរណា​ម្នាក់​បាន​ឡើយ ព្រោះ​វាសនា​មនុស្ស​មើល​ឃើញ​នោះ​ទេ។ ជាក់​ស្ដែង អ្នក​ស្រី ទ្រី ដាណា ធ្លាប់​ជា​ក្មេង​ដើរ​លក់​ឥវ៉ាន់​តាម​ផ្សារ ត្រូវ​គេ​ដេញ​ចេញ​មិន​ឱ្យ​ឈរ​នៅ​មុខ​ទូរ​តាំង​លក់​ពេជ្រ​របស់​គេ ក៏​តាំង​ចិត្ត​រហូត​បាន​សម្រេច​ក្ដី​ស្រមៃ​បើក​ហាង​លក់​មាស ពេជ្រ ដ៏​ធំ​មួយ​នៅ​ព្រែកព្នៅ។

អ្នក​ស្រី ទ្រី ដាណា បាន​សរសេរ​រៀប​រាប់​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា៖ “ក្ដី​ស្រមៃ​ដ៏​ធំ​របស់​ខ្ញុំ ពេល​នេះ​បាន​សម្រេច​ហើយ ក៏​ព្រោះ​តែ​ការ​មើល​ងាយ និង​ពាក្យ​មួយ​ឃ្លា​ដែល​ខ្ញុំ​ចាំ​មិន​ភ្លេច​តាំង​ពី​តូច​មក។ នៅ​ចាំ​បាន​ថា កាល​នៅ​ក្មេង​ៗ ខ្ញុំ​លក់​ឥវ៉ាន់​នៅ​តាម​ផ្សារ ខ្ញុំ​ឃើញ​គេ​ពាក់​មាស ពេជ្រ ខ្ញុំ​ពិត​ជា​ស្រលាញ់​ណាស់ ហើយ​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ អាច​មាន​របស់​ទាំង​អស់​នេះ​ពាក់​លើ​ខ្លួន​ដូច​គេ​ដែរ។ ថ្ងៃ​មួយ ពេល​ចេញ​ពី​លក់​ឥវ៉ាន់​មក ខ្ញុំ​ទៅ​ឈរ​សម្លឹង​ទូ​ដែល​គេ​ដាក់​តាំង​គ្រឿង​មាស ពេជ្រ នៅ​ម្ដុំ​ផ្សារ​ព្រែកព្នៅ​នេះ ព្រោះ​គ្រាន់​តែ​ឃើញ​ក៏​សប្បាយ​ចិត្ត​ដែរ។

ហេតុតែ​យើង​ក្រ គ្រាន់​តែ​ឈរ​មើល​បាន​ម៉ាភ្លែត​សោះ ស្រាប់​តែ​ម្ចាស់​ហាង​គេ ចេញ​មក​ដេញ​ខ្ញុំ ព្រោះ​ឃើញ​ខ្ញុំ​ខោ​មិន​ខោ អាវ​មិន​អាវ។ ម្ចាស់​ស្រី​មាត់​ឆៅ​នោះ គាត់​និយាយ​ដាក់​ខ្ញុំ​ថា៖ “លក់​ដូរ​មិន​ទៅ​លក់ មក​មើល​ហ្នឹង​មាន​លុយ​ណា​ទិញ ថ្លៃ​ៗ​ណាស់ កុំ​នៅ​ទើស​គេ”។ ខ្ញុំ​ស្ដាប់​ហើយ ឈឺ​ចាប់​ណាស់ មិន​ដឹង​គាត់​និយាយ​លេង ឬ​និយាយ​មែន​ទេ តែ​ក៏​មិន​ខឹង​គាត់​ដែរ ព្រោះ​ដឹង​ថា​ខ្លួន​ឯង​ពេល​នោះ ពិត​​ជា​គ្មាន​សមត្ថភាព​មែន គ្រាន់​តែ​គិត​ក្នុង​ចិត្ត​ថា កំណាញ់​ម្ល៉េះ​មើល​ផង​មិន​បាន។

តាំង​ពី​ពេល​នោះ​មក ខ្ញុំ​ក៏​មាន​ក្ដី​ស្រមៃ​ធំ​ជាង​មុន​​ថា នឹង​បើក​ហាង​លក់​មាស​ពេជ្រ ឱ្យ​បាន មិន​មែន​ត្រឹម​តែ​ពាក់​នោះ​ទេ។ ពិត​ជា​គិត​ឆ្កូត​ៗ​ពេក​ហើយ ព្រោះ​កាល​នោះ​គ្មាន​លុយ​ជាប់​ខ្លួន​សោះ ទិញ​មួយ​ជី​ក៏​មិន​បាន​ផង​ហ្នឹង ហ៊ាន​ស្រមៃ​​ដល់​បើក​ហាង​មាស​ពេជ្រ។ ការ​ប្រឹង​ប្រែង​របស់​ខ្ញុំ នៅ​តែ​មាន​ជា​និច្ច គឺ​ខ្ញុំ​បាន​យក​លុយ​សល់​បន្តិច​បន្តួច​ជាប់​ខ្លួន មក​ប្រើ​ជា​ដើម​ទុន​ទិញ​ផលិត​ផល​គ្រឿង​សម្អាង​លក់​កាល​ឆ្នាំ​២០១២។ ពេល​ខ្ញុំ​លក់​នោះ គេ​មិន​ទាន់​ផ្អើល​រឿង​គ្រឿង​សម្អាង​បែប​នេះ​ទេ ទើប​ធ្វើ​ឱ្យ​ទីផ្សារ​រីក​លឿន ហើយ​ខ្ញុំ​ក៏​បាន​ស៊ើប​រឿង​យក​គ្រឿង​សម្អាង​ពី​ថៃ​មក​លក់។

បន្ទាប់​មក ក៏​ចាប់​ផ្ដើម​ស្គាល់​គេ​ច្រើន និង​នាំ​ចូល​កាន់​តែ​ច្រើន រហូត​បើក​ក្រុមហ៊ុន​នាំ​ចូល និង​ចែក​ចាយ​គ្រឿង​សម្អាង​ក្នុង​ឆ្នាំ​២០១៨។ នេះ​ចាត់​ទុក​ថា​ជោគ​ជ័យ​ណាស់​ហើយ តែ​មិន​ភ្លេច​អា​រឿង​គេ​មើល​ងាយ ចង់​បើក​ហាង​មាស​ពេជ្រ​ហ្នឹង​ហ្មង។ ទោះ​រវល់​ជាមួយ​ក្រុមហ៊ុន​គ្រឿង​សម្អាង​មែន តែ​ខ្ញុំ​នៅ​តែ​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្ញុំ​ឱ្យ​បាន គឺ​បើក​ហាង​លក់​មាស​ពេជ្រ។ គិត​សព្វៗ​ទៅ ពិត​ជា​នឹក​ស្មាន​មិន​ដល់ ប៉ុន្តែ​ការ​ប្រឹង​ប្រែងមិន​អត់​ប្រយោជន៍​ទេ។ ឥឡូវ​បើក​ហាង​បាន​ហើយ អ្នក​ណា​ចង់​មើល​ម៉ាន​ម៉ោង​ក៏​បាន​ដែរ អត់​យក​លុយ អត់​ដេញ​ទេ ហេហេហេ។ គ្រាន់​តែ​មើល​សោះ មាន​អស់​អី!”

គួរ​បញ្ជាក់​ថា អ្នក​ស្រី​បាន​តស៊ូ តាំង​ពី​លក់​ដូរ​មុខ​រោងចក្រ ក្នុង​នាម​ជា​ក្មេង​កំព្រា​តាំង​ពី​តូច រហូត​អាច​សន្សំ​ប្រាក់​បាន​មួយ​ចំនួន ​ក៏​យក​ទៅ​ដាក់​ទុន​រក​ស៊ី​តិច​តួច។ ដោយសារ​ការ​តស៊ូ រើ​ពី​ភាព​ក្រ​លំបាក អ្នក​ស្រី​ក៏​បាន​យក​លុយ​នៅ​ជាប់​ខ្លួន ទៅ​រកស៊ី​គ្រឿង​សម្អាង។ ការ​គាំទ្រ និង​ទំនុក​ចិត្ត​ពី​អ្នក​តំណាង​ចែក​ចាយ ធ្វើ​ឲ្យ​អ្នក​ស្រី​សម្រេច​ចិត្ត​បើក​ក្រុមហ៊ុន​នាំ​ចូល​គ្រឿង​សម្អាង​ជា​ផ្លូវ​ការ កាល​ពី​ថ្ងៃ​ទី ១៣ ខែ​ឧសភា ឆ្នាំ​២០១៨ កន្លង​ទៅ ដោយ​ដាក់​ឈ្មោះ​ថា ដាណា ទ្រី ខេមបូឌា ត្រេនដីង ខូអិលធីឌី។ ​

ទោះ​បី​មមាញឹក​នឹង​ជំនួញ​គ្រឿង​សម្អាង ក៏​អ្នក​ស្រី ទ្រី ដាណា នៅ​តែ​ចិញ្ចឹម​ចិត្ត បើក​ហាង​លក់​គ្រឿង​អលង្ការ​ដែល​ជា​ក្ដី​ស្រមៃ​តាំង​ពី​តូច​មក។ បន្ទាប់​មក អ្នក​ស្រី ក៏​ព្យាយាម​ស្វែង​យល់​ពី​វា និង​សម្រេច​ចិត្ត​បើក​ហាង​មួយ​នៅ​ក្នុង​ឆ្នាំ​២០១៩ នេះ ដោយ​រើស​យក​ថ្ងៃ​ទី២២ ខែ​ឧសភា ជា​ថ្ងៃ​បើក​សម្ពោធ​ផ្លូវ​ការ​តែ​ម្ដង ប៉ុន្តែ​មិន​មាន​ធ្វើ​កម្មវិធី​ធំ​ដុំ​អ្វី​ទេ ព្រោះ​អ្នក​ស្រី​នឹង​យក​ថវិកា​ខ្លះ​ទៅ​ជួយ​ដល់​សិស្ស​ជួប​ការ​ខ្វះ​ខាត​ជំនួស​វិញ៕

ផ្តល់មតិយោបល់