កប់! មុខ​ងារ​កំពូលឡាន​​ Toyota Century ស៊េរី​ថ្មី​ជប៉ុន ល្មម​អាច​​​ប្រជែង Rolls Royce និង Bentley បាន​ងាយ

359

ក្រុមហ៊ុន Toyota បាន​ផលិត​រថយន្ត​ប្រណិត​ស៊េរីថ្មី​ឈ្មោះ​ Toyota Century ស៊េរី ២០១៨ ដែល​មាន​ការ​រចនា​និង​រូបរាង​ស៊ីវិល័យ​សម្រាប់​អធិរាជជប៉ុន មន្រ្តីកំពូលៗ រួម​នឹង​​សេដ្ឋីៗ ដើម្បី​មក​ប្រជែង Rolls Royce និង Bentley ខណៈ​តម្លៃ​របស់​វា​ត្រឹម​តែថជាង ១៧ ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។

រថយន្ត​ប្រណិត​ Toyota Century ស៊េរី ២០១៨ នេះ ទើប​ត្រូវ​បាន​រចនា​ជា​ថ្មីរាង​ឡើង​កប់ មិន​ចាញ់ Rolls Royce និង Bentley បន្ទាប់​ពី​រយៈ​ពេល ២០ ឆ្នាំ​​មក​នេះ។ ឡាន​នេះ​បំពាក់​ម៉ាស៊ីន​សាំង Hybrid ប្រភេទ​ស៊ីឡាំង ៨ ទំហំ ៥,០ លីត្រ កម្លាំងម៉ាស៊ីន​ ៣៧៦ សេះ ថែម​​ជំនួយ​ កម្លាំង​បាន​ ២២១ សេះ ពី​ម៉ូទ័រ​អគ្គិសនី​។

ត្បិត​ថា​មើល​ពី​ខាង​ក្រៅ​នៅ​រាង​សាមញ្ញ​បន្តិច​មែន តែ​បើ​ចូល​ដល់​ផ្នែក​ខាង​ក្នុង​ឃើញ​ថា ឡាន​ប្រណិត​នេះ​រចនា​សម្រាប់​​មនុស្ស​លំដាប់​អភិជន។ ខាង​ក្នុង​បំពាក់​ដោយ អេក្រង់​ទំហំ​ ១៦ អ៊ីញ​សម្រាប់​កម្សាន្ត​នៅ​ផ្នែក​ខាង​ក្រោយ ប្រព័ន្ធ​សំឡេង​ស៊េរិខ្ពស់ អេក្រង់​ទំហំ​ ៧ អ៊ីញ​ចំ​​​កណ្ដាល​​នៃ​កៅអី​អង្គុយ​​ផ្នែក​ខាង​ក្រោយ​​ សម្រាប់​ឲ្យ​អ្នក​ដំណើរ​នៅ​ខាង​ក្រោយ​អាច​កំណត់​មុខងារ​ដូច​ជា​ម៉ាស្សា វាំងនន ម៉ាស៊ីន​ត្រជាក់ និង​ប្រព័ន្ធ​សំឡេង​។

ក្រៅពី​ភាព​ប្រណិត​នៅ​ផ្នែក​ខាង​ក្នុង ឡាន​នេះ​បំពាក់​ដោយ​ប្រព័ន្ធ​សុវត្ថិភាព​ជា​ច្រើន​ដូចជា ប្រព័ន្ធ​ផ្តល់សញ្ញា​ពេលចូលចត ប្រព័ន្ធ​ផ្តល់ដំណឹង​ពេលរថយន្ត​បើកខុស​គន្លង ប្រព័ន្ធរក្សាលំនឹង​រថយន្តពេល​បើក​លើ​ផ្លូវកោង ប្រព័ន្ធ​ផល់សញ្ញាពេល​មាន​ឧបសគ្គ​នៅពីមុខ ប្រព័ន្ធ​រ៉ាដា ប្រព័ន្ធ​ភ្លើង​បើក​កោង​តាមផ្លូវពេលយប់ និង​ប្រព័ន្ធ​ហៅ​ទៅ​សមត្ថកិច្ច​ជួយសង្រ្គោះ​ស្វ័យ​ប្រវត្តិ​ពេល​រថយន្ត​ជួប​គ្រោះថ្នាក់៕

អត្ថបទ៖ រតនា