ចិន​សម្លឹង​ឃើញ​សក្តានុពល​ខេត្ត​បាត់ដំបង កំពុង​រក​ច្រក​វិនិយោគទ្រង់ទ្រាយធំ

0
2457

ចិន​កំពុង​ស្វែង​រក​លទ្ធភាព​នៃ​ការ​ដាក់ទុន​វិនិយោគទ្រង់ទ្រាយ​ធំ​មួយ​នៅ​ខេត្ត​បាត់ដំបង ដែលជា​ខេត្ត​ល្បី​ឈ្មោះ​និ​ងមានសេដ្ឋកិច្ចរីកចម្រើន​មួយ​របស់​ប្រទេស​កម្ពុជា។

រសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួល សម្តែងការគួរសម និងប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូតំបន់ស្វយ័តនីងស៊ែរ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ ឯកឧត្តម អ៊ូ អុីឆាយ (Wu Yucai) អនុប្រធានគណៈកម្មការកណ្តាល នៃសភាប្រជាជនតំបន់ស្វយ័តនីងស៊ែរ នៃសាធាណរដ្ឋប្រជាមានិតចិន នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

ក្នុងកិច្ចប្រជុំនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ត្រីសាលាខេត្តពាក់ព័ន្ធ បានអញ្ជើញចូលរួម។ ភាគីទាំងពីបានពិភាក្សាគ្នាដោយផ្តោតសំខាន់ទៅលើ ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយស្របតាមគោលការណ៍ច្បាប់នៃប្រទេសទាំងពីរ។

ភាគីទាំងបានឯកភាព គ្នាជាគោលការណ៍ ព្រមទាំងចុះហត្ថលេខាលើកំណត់ហេតុរួម ដែលមានខ្លឹមសារដូចខាងក្រាម ៖
១. ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច កសិកម្ម ពាណិជ្ជកម្ម អប់រំ វប្បធម៌ សុខាភិបាល និងទេសចរណ៍ ដើម្បីផ្តល់ការគាំទ្រលើការអភិវឌ្ឍភាគីទាំងពីរ។
២. ភាគីទាំងពីរ បានព្រមព្រៀងឯកភាពគ្នាចងសម្ព័នមេត្រីភាពក្នុងពេលខាងមុខ និងរាយការណ៍ជូនរាជរដ្ឋាភិបាល និងរដ្ឋាភិបាលរបស់ខ្លួនរៀងៗខ្លួន ដើម្បីទទួលបានការអនុញ្ញាតជាគោលការណ៍ឲ្យរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និង តំបន់ស្វយ័តនីងស៊ែរ សាធារណរដ្ឋប្រជាមានិតចិន ឈានទៅចុះហត្ថលេខាលើអនុស្សរណៈនេះ៕

ដោយ៖ រតនា

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ផ្តល់មតិយោបល់