បើកូនក្ដៅខ្លាំង ហើយលើស ២ថ្ងៃ ត្រូវប្រញាប់យកទៅពេទ្យបន្ទាន់ កុំ​ឱ្យយឺតពេល

358

ប្រធាន​ម​ន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​អំពាវនាវ​ដល់​ប្រជា​ពល​រដ្ឋ​ទូទាំង​ប្រទេស​ថា បើ​មាន​ករណី​ក្ដៅខ្លួន​ខ្លាំង ដាក់​ថ្នាំ​មិន​ចុះ​កំដៅ សូម​ប្រញាប់​មកកាន់​ម​ន្ទីរ​ពេទ្យ​រដ្ឋ និង​ម​ណ្ឌ​ល​សុខភា​ពជាបន្ទាន់ ដើម្បី​ចៀស​ផុត​ពីគ្រោះ​ថ្នាក់​ដល់​ជីវិត ដោយ​ជំងឺគ្រុនឈាម ។​

​លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ក៏​បាន​បញ្ជាក់​ថា «សូម​ចូលរួម​ប្រុង​ប្រយ័ត្ន​ទាំងអស់ ក្នុង​វដ្ដ​នៃ​ការ​ផ្ទុះ​ជំងឺគ្រុនឈាម​នេះ ជាពិសេស​ក្នុង​រដូវ​វស្សា អាណាព្យាបាល​របស់​កុមារ បើ​កូន​ក្ដៅខ្លួន​ខ្លាំង​រហូតដល់​ទៅ​៤០​អង្សា ហើយ​លើសពី​២​ថ្ងៃ សូម​ប្រញាប់​នាំ​កូន​របស់ខ្លួន មកកាន់​ម​ន្ទីរ​ពេទ្យ​ជាបន្ទាន់ ជាពិសេស​ទៅ​ម​ន្ទីរ​ពេទ្យ​រដ្ឋ និង​ម​ណ្ឌ​ល​សុខភាព ដែល​គ្រូពេទ្យ​យើង បាន​ត្រៀម​រួចជាស្រេច ក្នុង​ការសង្គ្រោះ​»​។

​ជាង​នេះ​ទៅទៀត ប្រធាន​ម​ន្ទីរ​រាជធានី​ភ្នំពេញ ថ្លែង​បញ្ជាក់ថា «​តែ​ហាម​ដាច់ខាត ពេល​កូន​ក្ដៅខ្លួន​លើសពី​២​ថ្ងៃ ទៅ​ទិញ​ថ្នាំ​នៅតាម​ឱសថស្ថាន ឬ​ទៅ​គ្លីនិក​ឯក​ជន​ណា​ដែល​គ្មាន​ជំនាញ​ព្យាបាល​ជំ​ងឺ​គ្រុនឈាម​ឱ្យ​សោះ លើសពី​នោះ ក៏​សូម​អំពាវនាវ​ដល់​អ្នកលក់​ឱសថ​នៅតាម​ឱសថស្ថាន​ទាំងអស់ សូម​កុំ​លក់​ថ្នាំ​ឱ្យ​គាត់ និង​ជួយ​ប្រាប់​អ្នក​ទិញ​ថ្នាំ ឱ្យទៅ​ទទួល​ការ​ពិ​គ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ នៅ​ម​ន្ទីរ​ពេទ្យ​រដ្ឋ និង​ម​ណ្ឌ​ល​សុខភាព ដើម្បី​ចូលរួម​ចំណែក​ការពារ​អាយុជីវិត​រប​ស់ពល​រដ្ឋ​យើង​»​។​