ចិន​បីនាក់លួចនាំលុយ ៩០ ម៉ឺន​ដុល្លារមកកម្ពុជា ត្រូវសមត្ថកិច្ច​ក្របួចជាប់

363

ជនជាតិ​ចិន​ ៣ នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន ក្រោយ​ពួកគេ​លួច​នាំ​លុយ​យ៉ាង​ច្រើន​រហូត​ដល់ ៩០ ម៉ឺន​ដុល្លារ​អាមេរិក​ ចូល​តាម​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញនៅថ្ងៃ​ទី ០៩ កក្កដា ឆ្នាំ ២០១៩ នេះ។

ការ​ឃាត់ខ្លួន​នេះ​ ធ្វើឡើង​ដោយ​កង​កម្លាំង​គយ​ដោយ​មាន​ការ​សហការ​ពី​នគរបាល​អន្តោប្រវេសន៍ ប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ​ភ្នំពេញដោយ​ឈាន​ទៅ​ដល់ការ​ចាប់ខ្លួន​ជនជាតិ​ចិន​ទីមួយឈ្មោះ Huang Canming អាយុ២៧ឆ្នាំ ទីពីរឈ្មោះ Yang Yongwei អាយុ២៦ឆ្នាំ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ខណៈ​ដែល​គេទាំងពីរ​ចេញពីទីក្រុងហុងកុងប្រទេសចិន មកអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ រីឯអ្នក​ទីបី​ឈ្មោះ Zizheng Zheng អាយុ៣២ឆ្នាំ ជាអ្នកមកចាំទទួលនៅព្រលានយន្តហោះភ្នំពេញ។

ការ​ឃាត់ខ្លួន​នេះ ដោយ​សមត្ថកិច្ច​បានរកឃើញ​ថា អ្នក​ទាំង​បី​នាំ​លួច​នាំ​ប្រាក់ដុល្លារ​យ៉ាង​ច្រើនដល់ទៅ ៩០ ម៉ឺនដុល្លារឆ្លងដែន ដោយ​គ្មាន​បញ្ជាក់ពីគោលដៅ ហើយ​ម្យ៉ាង​ប្រាក់ដុល្លារ​នោះ​ថែម​ទាំង​គ្មាន​ប្រភព​មកពី​ណាទៅទៀត។ បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ទៅ​តាមនិតិវិធីច្បាប់ចំពោះ​ជនល្មើស​ទាំង​បី​រួម​ទាំង​ប្រាក់ដុល្លារ​ ៩០ ម៉ឺននោះ​ផងដែរ៕

ដោយ៖ រតនា

 

SHARE