ស្ថានទូតចិន ថាម៉ាហ្វៀល​មួយក្រុមប្រកាសអុកឡុកខេត្តព្រះសីហនុ ស្រវឹងស្រា​ទើបនិយាយដូច្នោះ

1463

ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា ទើបចេញ​ប្រកាស​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួនមុន​នេះ​ថា ករណីជនអន្តពាលចិន​មួយក្រុម​ដែល​ចេញ​វីដេអូប្រកាស​ថា​នឹង​អុកឡុក​ខេត្តព្រះសីហនុនោះ​ តាមពិត​ពួកគេ​ស្រវឹងស្រាទើបនិយាយចេញដូច្នេះ។

ក្នុង​ពេល​ថ្មីៗ​នេះ នៅ​លើ​ប្រព័ន្ធ​អ៊ីនធើណេត​មាន​វីដេអូ​ខ្លី​មួយ​សង្ស័យ​ពាក់​ព័ន្ធ​នឹង​សកម្មភាព​សង្គម​ងងឹត ដែល​ថត​ដោយ​បុរសជាង​ដប់​នាក់​ដោយ​ហៅ​ខ្លួន​ឯង​ថា​មក​ពី​ទីក្រុង Chongqing ប្រទេស​ចិន​ ហើយ​និយាយ​ក្អេងក្អាង​ថា​នឹង​បំពុល​ដល់​សន្តិសុខ​របស់​ខេត្តព្រះសីហនុ។

​ស្ថានទូតចិនប្រចាំកម្ពុជា បាន​ឲ្យ​ដឹង​ក្រោយ​ការ​ស៊ើប​អង្កេត​យ៉ាង​ម៉ត់ចត់​របស់​សមត្ថកិច្ច​ចិនបាន​រក​ឃើញ​ថា វីដេអូ​នេះ​ត្រូវ​បាន​ថត​ដោយ​ជនជាតិ​ចិន​មក​ពី​ទីក្រុង Chongqing ដែល​បាន​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ខែ​មីនាឆ្នាំនេះ ហើយ​ក្រោយ​ពី​ស្រវឹ​ងស្រា​រួច ពួក​គេ​បាន​ថត​វីដេអូ​មិនល្អបែប​នេះ ដោយ​គ្រាន់​ជា​ការ​លេង​សើច​ប៉ុណ្ណោះ។ បុគ្គល​ទាំងឡាយ​នៅ​ក្នុង​វីដេអូនេះ មិន​មាន​ជាប់​ពាក់ព័ន្ធនឹង​សង្គម​ងងឹតណា​មួយ​ទេ។

ឆ្នាំនេះ​គឺ​ជា​ឆ្នាំ​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ចិន​និង​កម្ពុជា ដោយ​ភាគី​ទាំងពីរនឹងចាត់វិធានការណ៍ជាក់ស្ដែង ធ្វើឲ្យ​កាន់​តែ​ស៊ីជម្រៅ​លើ​កិច្ច​សហការ​ផ្នែកសន្តិសុខ និង​ការ​អនុវត្ត​ច្បាប់ ដែល​នឹង​នាំ​មក​នូវ​ភាព​សុខដុមរមនា និង​អត្ថប្រយោជន៍​ជូន​ដល់​ប្រជាជនប្រទេស​ទាំង​ពីរ៕

ប្រភព៖​ ទំព័រ​ហ្វេសប៊ុកស្ថានទូតចិនប្រចាំកម្ពុជា