

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីការដកតំណែងមន្ត្រីមានប្រពន្ធច្រើនទាំងឡាយ ហើយនិងបន្តដកទៀតនាពេលខាងមុខ។ នាយករដ្ឋមន្ត្រី បានបន្តដោយម៉ឹងម៉ាត់ថា ការដកតំណែងនេះសម្ដេចមិនមានការចាំបាច់សួរយោបល់អ្នកណាទាំងអស់។
លោក ថៃ នរៈសត្យា ត្រូវបានដកចេញពីតំណែងគឺចង់ឲ្យថ្នាក់ដឹកនាំក្រសួងវប្បធម៌ មានភាពស្អាតស្អំ និងជាអភិក្រមទី៥ ហើយសម្តេចតេជោ បានបន្ថែមថា ការដកលោក ថៃ នរសត្យា ក៏មិនពាក់ព័ន្ធជាមួយលោក ដួង តារា នោះទេ។ កាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ តាមរយៈ Comment នៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោក ដួង តារា សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់ៗថា៖ “សុំកុំប្រកែកគ្នា និងចោទប្រកាន់គ្នា ពីរឿងលោក ថៃ នរៈសត្យា ត្រូវដកចេញពីដំណែង។ ក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំមិនមានការចាំបាច់សួរយោបល់អ្នកណាទាំងអស់ លើការ ដកតំណែងនេះ។ ការដកតំណែងរបស់គាត់ គឺចង់ឲ្យថ្នាក់ដឹកនាំ ក្រសួងវប្បធម៌ មានភាពស្អាតស្អំ។ ពួកអ្នកប្រពន្ធច្រើន ត្រូវបានដកចេញជាបន្តបន្ទាប់ និងបន្តដកចេញ នៅពេលខាងមុខ។ នេះជាអភិក្រមទី៥គឺការ(វះកាត់)»។
សម្តេចតេជោ ហ៊ុន សែន ក៏បាន Comment នៅលើហ្វេសប៊ុក របស់លោក ថៃ នរៈសត្យា ដែលមានខ្លឹមសារថា៖ “ការដកលោក ថៃ នរសត្យា មិនពាក់ព័ន្ធជាមួយលោក ដួង តារា ទេ។ សុំកុំភាន់ច្រឡំលើរឿងនេះ”។
កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ លោក ថៃ នរៈសត្យា ត្រូវបានព្រះករុណាអម្ចាស់ជីវិតតម្កល់លើត្បូង បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បញ្ចប់មុខតំណែងពីរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ការដកតំណែងនេះក៏ព្រោះតែថ្មីៗនេះអតីត រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្ទុះរឿងរ៉ាវអាស្រូវលួចលាក់សហាយស្មន់ជាប្អូនជីដូនមួយបង្កើតរបស់ប្រពន្ធដើម ហើយអ្នកដែលទម្លាយរឿងនោះ គឺលោកស្រី ងិន ម៉ានីយ៉ា អតីតប្រពន្ធលោកតែម្ដងដែលបានលែងលះគ្នាកាលពីឆ្នាំ ២០១០៕