ចិន ​ផ្ទុះកំហឹងខឹងអាមេរិកមកទស្សនកិច្ចកោះតៃវ៉ាន់ ពេលនេះប្រកាស​បើកសមយុទ្ធយោធាបន្ថែមទៀត

18

ចិន នៅថ្ងៃអង្គារ៍នេះថានឹង​បន្តធ្វើសមយុទ្ធយោធាបន្តបន្ថែម​ទៀត​ជុំវិញឆកសមុទ្រកោះតៃវ៉ាន់។

ចិន​បានប្រកាស​ការ​ធ្វើសមយុទ្ធយោធានេះ ដើម្បី​ប្រឆាំង​នឹង​អាមេរិកដែល​នៅ​បន្ត​គាំទ្រតៃវ៉ាន់ដោយបញ្ជូនគណៈប្រតិភូមកទស្សនកិច្ចម្តងជាពីរដង។ យ៉ាងណាមិញ ​ប្រទេសមហាអំណាចមួយនេះ ពុំ​បាន​បញ្ជាក់ពីទីតាំងនិង​ពេលវេលា​នៃ​ការ​ធ្វើសមយុទ្ធឱ្យប្រាកដ​នៅ​ថ្ងៃ​ណាមួយនោះទេ។

ពាក់ព័ន្ធ​នឹងការ​ប្រឆាំង​អាមេរិករឿងគាំទ្រ​កោះតៃវ៉ាន់ពីសំណាក់ប្រទេសចិន ដោយសារ​កាលពីថ្ងៃចន្ទ គណៈប្រតិភូអាមេរិកដោយមានអ្នកតែងច្បាប់មួយក្រុមមានគ្នា ៥ នាក់ ដឹកនាំដោយសមាជិកព្រឹទ្ធសភាអាមេរិកលោក Ed Markey បាន​មកជួបសំណេះសំណាលជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ខណៈកាលពីកន្លងទៅថ្មីៗនេះ ប្រធានសភាអាមេរិកលោកស្រី ផេឡូស៊ី បាន​មកធ្វើទស្សនកិច្ចនៅកោះវ៉ាន់ម្តងរួចមកហើយ។

ការមកដល់នៃ​គណៈប្រតិភូអាមេរិកនៅកោះតៃវ៉ាន់ ត្រូវបានរាយការណ៍មកថា ធ្វើឡើងដើម្បីពិភាក្សាទៅលើទំនាក់ទំនងរវាងអាមេរិក-តៃវ៉ាន់ សន្តិសុខក្នុង​តំបន់ ការវិនិយោគនិង​ពាណិជ្ជកម្ម ការ​ផ្គត់ផ្គង់សាកល ការ​ផ្លាស់ប្តូរអាកាសធាតុ និង​បញ្ហាផលប្រយោជន៍ទៅវិញទៅមករវាងភាគីទាំងសងខាង។ ប៉ុន្តែការ​ធ្វើទស្សនកិច្ចនេះ ត្រូវគេមើលឃើញថា កាន់តែបញ្ឆេះភាពតានតឹងរវាងចិន​និង​តៃវ៉ាន់កាន់តែខ្លាំងឡើង រហូតចិនបាន​ប្រកាសបើកសមយុទ្ធយោធាជុំវិញដែនកោះនេះ​ជាច្រើនដង៕