ដំណឹងល្អ! ខេត្តសៀមរាបនឹងកើបភ្ញៀវបានជាង ២ លាន​នាក់ ត្រឹមដំណាច់ឆ្នាំ ២០២២ នេះ

21

ខេត្តសៀមរាប នឹងទទួលភ្ញៀវទេសចរបាន ២ ២៧៨ ៨៥៤ នាក់សម្រាប់រយៈពេលពេញមួយឆ្នាំ ២០២២ នេះ ខណៈរយៈពេល៧ខែឆ្នាំ២០២២នេះ ខេត្តមួយនេះ ទទួលបានភ្ញៀវទេសចរសរុបចំនួន ១ ២៤២ ៨៥៤ នាក់រួចទៅហើយ។ នេះ​បើ​តាម​ការ​ព្យាករណ៍របស់ក្រសួងទេសចរណ៍។

លោក ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះថា៖ «តាមការព្យាករណ៍សម្រាប់រយៈពេលពេញមួយឆ្នាំ២០២២នេះ ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តសៀមរាបនឹងឡើងដល់ចំនួន ២ ២៧៨ ៨៥៤ នាក់។ ចំនួនជាង២លាននាក់ដែលជាការំពឹងទុកនេះ នឹងកើនឡើងក្នុងអត្រា៣២៦,៧៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២១ ដែលមានចំនួន ៥៣៤ ០០៥ នាក់»។

លោក​បាន​បន្ថែម​ថា នៅដំណាច់ឆ្នាំ ២០២២ ខាងមុខនេះ ភ្ញៀវទេសចរជាតិនឹងឡើងដល់ចំនួន ២ ០៣៩ ០០០ នាក់ កើនឡើង ២៩១, ២៦ភាគរយ ហើយភ្ញៀវទេសចរអន្តរជាតិក៏នឹងឡើងដល់ចំនួន ២៣៩ ៨៥៤នាក់ កើនឡើង ១៧៦៣,២៣ភាគរយ។

នៅក្នុងខេត្តសៀមរាបបច្ចុប្បន្នមានមូលដ្ឋានអាជីវកម្ម និងសេវាកម្មកំពុងបើកដំណើរការអាជីវកម្មសរុបចំនួន៥៤៨កន្លែង ស្មើនឹង៤៦ភាគរយ នៃអាជីវកម្មទេសចរណ៍សរុបក្នុងខេត្តមានចំនួន ១ ១៨៧ កន្លែង។

ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានយកចិត្តទុកដាក់ចំពោះធនធានមនុស្សដែលបម្រើឱ្យវិស័យទេសចរណ៍ផងដែរ ដោយឯកឧត្ដមបានចាត់ក្រុមការងារក្រសួងទេសចរណ៍ឱ្យចុះពិនិត្យជំហានទី២ ដើម្បីវាយតម្លៃពីគុណភាព សេវាកម្ម និងបដិសណ្ឋារកិច្ច ក៏ដូចជាផ្ដល់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់អ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបបន្ថែមទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន