ក្រសួង​អប់រំ ​យក​ថ្ងៃ​២៤​ខែ​តុលា​ប្រលង​ឌីប្លូម ​និង​ថ្ងៃ​១៤​វិច្ឆិកា​ប្រលង​បាក់​ឌុប

13

ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា២០២១-២០២២។

នេះបើតាមការឲ្យដឹងពី លោក រស់ សុវាចា អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ក្រោមប្រធានបទ «សមិទ្ធផលរយៈពេល៥ឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា»។

លោក រស់ សុវាចា បានអះអាងថា រហូតមកដល់ពេលនេះក្រសួងអប់រំ យុវជន និងកីឡា បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់រៀបចំដំណើរការប្រឡងដ៏សំខាន់ទាំងពីរនេះ។ លោកបន្ដទៀតថា សម្រាប់ការប្រឡងលទ្ធផលប្រឡងឌីប្លូម គ្រោងនឹងធ្វើនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២ ខណៈលទ្ធផលប្រឡងបាក់ឌុប គ្រោងនឹងធ្វើនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ក៏បានផ្ញើសារសំខាន់មួយចំនួនជូនដល់បេក្ខជនប្រឡងទាំងពីរប្រភេទ សូមឲ្យពួកគាត់បន្ដខិតខំប្រឹងប្រែងរៀនសូត្រទាំងនៅក្នុងថ្នាក់ និងរៀនខ្លួនឯងបន្ថែម ព្រមទាំងត្រង់ត្រាប់ស្ដាប់ឱវាទពីសំណាក់មាតា បិតា អាណាព្យាបាល។