កម្ពុជា​ ​នាំ​ចេញកង់​ច្រើនជាងគេ​ទៅ​កាន់​អឺរ៉ុប ​ត្រឹម៦ខែ​បាន​ចំណូលជាង​ ៥០០លានដុល្លារ​

30

​ប្រទេសកម្ពុជា ជាប្រទេសទី១ ដែលបាននាំចេញកង់ច្រើនជាងគេ ទៅកាន់សហគមន៍អឺរ៉ុប គិតចាប់តាំងពីឆ្នាំ២០២០ រហូតមកដល់នាពេលបច្ចុប្បន្ន។ ​នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លោក ហេង សុគង់ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអនុញ្ញាតជម្រាបជូនថា កម្ពុជារបស់យើង បើនិយាយអំពីឧស្សាហកម្មផលិតកង់ បាននាំចេញទៅពិភពលោក គឺចំណាត់ថ្នាក់លេខ៥ ពិភពលោក ហើយជាប់ចំណាត់ថ្នាក់លេខ១ នាំចេញទៅសហគមន៍អ៊ឺរ៉ុប»។

បន្ថែមពីនោះទៀត លោក ហេង សុគង់ បានឲ្យដឹងថា «ឧស្សាហកម្មកង់ យើងមាន១៣រោងចក្រ ក្នុងនោះនៅខេត្តស្វាយរៀង ១២រោងចក្រ និងនៅខេត្តកណ្តាល១រោងចក្រ មានដើមទុនវិនិយោគ១១២លានដុល្លារអាមេរិក នាំចេញកង់បានច្រើនជាងគេលើពិភពលោក គ្រាន់តែដើមឆ្នាំ២០២២ (ខែមិថុនា ) ផលិត និងលក់បានសរុប ៥២០លានដុល្លារ ក្នុងនោះនាំចេញ ៥០៥លានដុល្លារ និងក្នុងស្រុក១៥លានដុល្លារ»។