ជំនន់​ទឹក​ភ្លៀង​លិចផ្ទះពលរដ្ឋ៣សង្កាត់​នៅ​ក្រុង​ព្រះ​សីហនុ​

34

​ភ្លៀងមួយមេធំនៅម៉ោង២យប់ទឹកភ្លៀងបានជន់លិចផ្លូវ​ និងផ្ទះប្រជាពលរដ្ឋអស់​ជាច្រើន​ខ្នងនៅក្នុង​សង្កាត់​ចំនួន​៣ ក្នុងនោះសង្កាត់លេខ១ម្តុំឃ្លាំងលើ ទី២សង្កាត់លេខ២ ម្តុំស្រែត្រកួន និងទី៣​សង្កាត់​លេខ​៤ ​ទឹកភ្លៀង​ជនលិចខ្លាំងនៅម្តុំអូរ២ និងអូរ៣ និងអូរ៤ ស្ថិតក្នុងក្រុង/ខេត្តព្រះសីហនុ។

ជំនន់ទឹកភ្លៀងនេះ​ បើតាមប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុបាននិយាយថា​ មេឃ​បាន​ចាប់​ផ្តើម​ភ្លៀងនៅ​ម៉ោង​ប្រហែល២យប់រំលងអាធ្រាត្រថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ មេឃបាន​ភ្លៀង​យ៉ាង​ខ្លាំង​ប្រមាណ​៣ម៉ោងទើបរៀងថយបន្តិច ពោលរហូតដល់ម៉ោងប្រមាណ៥ភ្លឺ។ ករណី​ទឹកភ្លៀង​ជន​លិច​ភូមិ​ឋាននេះ​ធ្វើឲ្យប្រជាពលរដ្ឋរស់នៅតំបន់លិចទឹក​នេះសម្តែង​ការអាក់អន់​ស្រពន់ចិត្តយ៉ាង​ខ្លាំង ​ព្រោះ​ពេញ១​យប់ពួកគាត់មិន​បានដេកពួននោះទេ។ ព្រឹក​ឡើងនាំ​គ្នាបាចទឹកនិងបោស​សំអាត​ទឹកភក់។