វត្ថុបុរាណខ្មែរ៣០រូប ដែលគេលួចកាលពីសម័យសង្គ្រាម ត្រូវបានអាមេរិកប្រគល់ឲ្យកម្ពុជាវិញ

15

សម្បត្តិវប្បធម៌ខ្មែរ ចំនួន៣០រូប នឹងត្រូវបញ្ជូនពីសហរដ្ឋអាមេរិក មកប្រទេសកម្ពុជាវិញ។ នេះបើយោងទៅតាមសេចក្តីប្រកាសជាព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅមុននេះបន្តិច។

ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរនេះមានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកពុទ្ធ សាសនា និងព្រហ្មញ្ញសាសនា ដូចជា រូបចម្លាក់ដ៏ពិចិត្រ “ព្រះស្កន្ទគង់លើក្ងោក” និង “ព្រះគណេស ដែលត្រូវបាន លួចយកចេញពីប្រាសាទក្នុងរមណីយដ្ឋានកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី១០នៃគ.ស.។ ប្រាសាទកោះកេរធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំនៅក្នុងអំឡុងសម័យសង្គ្រាម។

ដោយ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២, ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក តំណាងឱ្យ រាជរដ្ឋាភិបាលកម្ពុជា និងលោក Damien Wiliams អគ្គរដ្ឋអជ្ញាសហរដ្ឋអាមេរិកនៃសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក បានចូលរួមនៅក្នុងពិធីប្រគល់-ទទួលសម្បត្តិវប្បធម៌ខ្មែរចំនួន៣០រូបនេះនៅទីក្រុងញូវយ៉ក។

ពិសេស ក្រសួងកំពុងធ្វើការ ជាមួយក្រុមហ៊ុនដឹកជញ្ជូន ដើម្បីចាត់ចែងការដឹកវត្ថុទាំង៣០រូបមកកម្ពុជាក្នុងពេលវេលាខាងមុខនេះ ហើយក្រសួង នឹងជូនព័ត៌មានបញ្ជាក់បន្ថែមនៅពេលវត្ថុទាំងនេះមកដល់កម្ពុជា។