​មន្ត្រី​ការពារ​ជាតិ​តៃវ៉ាន់ ​ថា​សម​យុទ្ធ​ចិន ​កំពុង​បិទ​ខ្ទប់​ដែន​ដី​របស់​ខ្លួន​ហើយ​

113

​ក្រសួង​ការពារ​ជាតិ​នៃ​រដ្ឋបាល​តៃវ៉ាន់ ​នា​ថ្ងៃ​ពុធ​នេះ​ បាន​លើកឡើងថា ​សមយុទ្ធយោធារបស់ចិន បាន​បំពាន​ច្បាប់​របស់​អង្គការ​សហ​ប្រជាជាតិ (UN), ​គំរាមកំហែងចំពោះទឹកដីរបស់តៃវ៉ាន់ និង​ប្រៀប​ដូច​ជា​ការ​បិទ​ខ្ទប់​ដែន​អាកាស និងដែនសមុទ្ររបស់ដែនកោះនេះ យ៉ាងដូច្នោះ។

កាលពីយប់ថ្ងៃអង្គារម្សិលមិញ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណានស៉ី ផេឡូស៉ី បានធ្វើដំណើរមកដល់កោះតៃវ៉ាន់ ដោយមិនខ្លាចការព្រមានរបស់ចិនឡើយ។ ទង្វើរបស់លោកស្រីធ្វើឱ្យទីក្រុងប៉េកាំង មានការខឹងសម្បារជាខ្លាំង និងបានប្រកាសធ្វើសមយុទ្ធយោធា នៅក្បែរនិងនៅព័ទ្ធជុំវិញកោះតៃវ៉ាន់ ក្នុងសប្តាហ៍នេះ។

​ក្រសួងការពារជាតិតៃវ៉ាន់បាន​អះអាង​ថា តៃវ៉ាន់នឹងការពារសន្តិសុខរបស់ខ្លូន ដោយឥតរុញរាឡើយ ហើយ​តប​ត​រាល់​សកម្មភាព​នានា ដែល​រំលោភ​មកលើដែនអធិបតេយ្យរបស់ដែនកោះនេះ ព្រម​ទាំង​ពង្រឹង​កម្រិត​នៃ​ការ​ប្រុង​ជើង​ការ​ នៅក្រោមគោលការណ៍មិនចង់ ឱ្យមានសង្រ្គាមផ្ទុះឡើង។