

ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថាស្ត្រីមានផ្ទៃពោះ៨ខែនៅខេត្តសៀមរាបនោះ មិនមែនកើតជំងឺអុតស្វា ដូចការផ្សព្វផ្សាយនោះទេ។
សូមបញ្ជាក់ថាស្ត្រីវ័យ២៣ឆ្នាំម្នាក់ដែលមានផ្ទៃពោះ៨ខែទៅហើយនោះ បានចេញរោគសញ្ញាពងទឹកនៅលើដើមទ្រូង និងដៃ ដែលស្រដៀងទៅនឹងរោគសញ្ញានៃជំងឺអុតស្វាដែរ។ ស្ត្រីរស់នៅក្រុងសៀមរាបម្នាក់នេះ ត្រូវបានស្វាមីនាំយកទៅពិនិត្យនិងព្យាបាលនៅថ្ងៃទី២៥កន្លងទៅ ហើយក្រោយពីធ្វើវត្ថុសំណាកមកពិនិត្យនៅប៉ាស្ទ័រទៅ ក៏រកឃើញថានាងអវិជ្ជមានជំងឺអុតស្វា។
រហូតមកដល់ថ្ងៃនេះ ស្ថានភាពជំងឺរបស់នាងក៏បានធូរស្បើយច្រើនហើយដែរ ក្រោយពីក្រុមគ្រូពេទ្យបានយកចិត្ដទុកដាក់តាមដាន និងព្យាបាលមក។ ដូច្នេះមានន័យថានាង មិនបានកើតជំងឺអុតស្វា ដូចអ្វីដែលគេល្បីតៗគ្នានោះទេ៕