

សម្តេច សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំពីសារសំខាន់នៃការបណ្តុះបណ្តាលមន្រ្តីនគរបាល ដើម្បីមុខមាត់ម្នាក់ៗកុំឱ្យពាក់ផ្កាយតែអត់បានរៀនប៉ូលិស ដែលអាចធ្វើឱ្យបាត់តម្លៃ និងកិត្តិយស។
ការថ្លែងនេះ ធ្វើឡើងនាឱកាស សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នេះ។
សម្ដេច ស ខេង បានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលនេះ គឺជាការឆ្លើយតបតាមគោលការណ៍ ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាឱ្យកងកម្លាំងនគរបាលជាតិយើង ជាកម្លាំងមានចំណេះ និងជំនាញពិតប្រាកដ មានសីលធម៌ និងគុណធម៌។
លោក ក៏បានផ្ដាំផ្ញើសិក្ខាកាមបន្ទាប់ពីបញ្ចប់ការបណ្ដុះបណ្ដាលនេះទៅ ក៏មិនមែនមានន័យថា បានរៀនហើយក៏ចប់ដែរ ប៉ុន្តែត្រូវរៀនបន្តដោយរៀនលើការងារជាក់ស្ដែង ទោះជាធ្លាប់បានធ្វើការងារជាក់ស្ដែងហើយក៏ដោយ តែក្រោយពីរៀននេះទៀត មន្រ្តីម្នាក់ៗ ក៏អាចមានគំនិតថ្មីៗ លើការបន្តការងារជាក់ស្ដែងថែមទៀតដែរ។ សម្ដេច បន្ថែមថា ការរៀនសូត្រចប់សព្វគ្រប់នេះ ក៏មិនមែនមានន័យថា ត្រូវតែទទួលបានការតាំងឬឋានៈនោះដែរ ប៉ុន្តែគឺអាស្រ័យទៅលើការអនុវត្តការងារ សីលធម៌ គុណធម៌ កិត្តិយស៕