

មនុស្សពីរនាក់ទៀត ដែលបានរួមដំណើរជាមួយបុរសជនជាតិនីហ្សេរីយ៉ាដែលត្រូវបានរកឃើញថាមានជំងឺអុតស្វានិងបានរត់គេចពីប្រទេសថៃមក ត្រូវបានរកឃើញដោយក្រុមការងារសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ សហការជាមួយក្រុមគ្រូពេទ្យមកពីក្រសួងសុខាភិបាល។ អ្នកទាំងពីរស្ថិតនៅបន្ទប់ជួល ភូមិសន្សំ ៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កាលពីល្ងាចថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២ បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ត្រូវបានរកឃើញ បន្ទាប់ពីមានការស្វែងរកយ៉ាងសស្រាក់សស្រាំ ពីអជ្ញាធរជំនាញ សហការណ៍ជួយអជ្ញាធរខណ្ឌដូនពេញ និងខណ្ឌក្នុងរាជធានីភ្នំពេញ ធ្វើស្រាវជ្រាវរហូតរដល់រកឃើញជនខាងលើ នេះនៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញវិញ។ ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការបន្ដ៕