បុរស​ពីរ​នាក់​រង​របួស​ធ្ងន់ធ្ងរ​ដោយសារ​សត្វ​ខ្លា​ឃ្មុំទះ​ និង​ចាប់​ហែក​សាច់​

56

នៅតាមដងផ្លូវទៅចាប់ត្រី​​បុរសពីរនាក់​ រងរបួសយ៉ាងធ្ង.ន់ធ្ងរ​ បន្ទាប់​ពី​ត្រូវសត្វ​ខ្លាឃ្មុំមួយក្បាល​ទះ និង​ចាប់ហែក​យ៉ាងឃោរ.ឃៅ​ ហេតុការណ៍នេះកើតឡើងនៅ នៅចំណុចឆាយបីជាន់ ឧបសម្ព័ន្ធស្ទឹងតាចាន់ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

​កាល​ពី​វេលា​ម៉ោង ​១២​និង​៤០នាទី ​ថ្ងៃ​ចន្ទ​ ៦​កើត ​ខែ​អាសាឍ ​ឆ្នាំ​ខាល ​ចត្វាស័ក​ ព.ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​០៤ ​ខែ​កក្កដា ​ឆ្នាំ​២០២២​។ ​លោកវរសេនីយ៍ឯក ធាង ឡេង អធិការ នៃ​អធិការដ្ឋាន​នគរ​បាល​ស្រុកវាលវែង បាន​ប្រាប់​ឲ្យ​ដឹង​ថា​តាមការ​រៀបរាប់របស់ជនរងគ្រោះទាំង​ពីរ ​មុន​ពេល​កើត​ហេតុ ​ពួកគាត់​បាន​ដើរ​ទៅ​ដួសត្រី ដើម្បីយកមកចិញ្ចឹមជីវិត តែទើបដើរបានពាក់កណ្តាលផ្លូវ ស្រាប់​តែ​ជួប​ជាមួយ​សត្វខ្លាឃ្មុំ​មួយ​ក្បាល ​ហើយក៏ត្រូវសត្វខ្លាឃ្មុំនោះ ដេញទះ និងចាប់ហែ.កសាច់ បណ្តាល​រង​របួស​យ៉ាងធ្ង.ន់ធ្ងរ​។


លោក​អធិការ​បាន​បន្តថា​ ជនរងគ្រោះទី១មានឈ្មោះ ងុយ ងឿន ​ភេទ​ ប្រុស អាយុ ៣៣ឆ្នាំ​ ជា​ប្រជា​ការពារ​ភូមិ ​រងរបួសធ្ងន់​ ទី២មានឈ្មោះ ភី ភក្តី ភេទប្រុស អាយុ ២៩ឆ្នាំ រងរបួសធ្ងន់ អ្នក​ទាំង​ពីរ​រស់​នៅ​ចំណុច​ ឧបសម្ព័ន្ធស្ទឹងតា ចាន់ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្ត​ពោធិ៍សាត់ ។


បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ត្រូវបានបញ្ជូន ទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យឯកជន ឃុំ​អូរ​សោម​។ ​លោកវរសេនីយ៍ឯកអធិការ ​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពល​រដ្ឋ​ដែល​រស់​នៅ​ ឬ​នេសាទ​ និង​លេង​កំសាន្ត ​នៅតំបន់នេះ​ ក៏ដូចជាតំបន់ផ្សេងៗទៀត ដែល​ឧស្សាហ៍​មាន​សត្វ​ព្រៃ​កាច​សាហាវ​ឆ្លងកាត់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងមិនគួរទៅតំបន់ទាំងនោះ ដែល​នាំឲ្យ​ងាយរង​ទទួល​គ្រោះថ្នាក់​ដោយសារ​សត្វ​ព្រៃ​វាយប្រហារ ជាពិសេស​មិន​ត្រូវ​មាន​ការ​លួច​បរ​បាញ់​សត្វ​ព្រៃ​ទាំង​នោះឡើយ ៕ ​រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ