អាមេរិក ​ផ្ដល់​ជំនួយ​យោធា ​៨២០​លាន​ដុល្លារ​ឱ្យ​ទៅ​អ៊ុយក្រែន​ច្បាំង​ជាមួយ​រុស្ស៊ី​

19

​សហរដ្ឋ​អាមេរិក ​បន្ដ​ផ្ដល់​ជំនួយ​យោធា​ឱ្យ​ទៅ​អ៊ុយក្រែន​បន្ថែម​ទៀត​ហើយ​ក្នុង​កញ្ចប់​៨២០​លាន​ដុល្លារ ​ដើម្បី​បន្ដ​ប្រឆាំង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

​អ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិក បានឱ្យដឹងថា នៅក្នុងកញ្ចប់ជំនួយយោធាខាងលើ រួមមានទាំង គ្រាប់រ៉ុក្កែតបន្ថែមសម្រាប់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS ព្រមទាំងប្រព័ន្ធមីស៉ីលការពារដែនអាកាស NASAMS ចំនួន២គ្រឿង, គ្រាប់រំសេវចំនួន ១៥០,០០០គ្រាប់ សម្រាប់ប្រព័ន្ធកាំភ្លើង ហើយនិងប្រព័ន្ធរ៉ាដាទប់ទល់កាំភ្លើងធំចំនួន ៤គ្រឿង។

គួរបញ្ជាក់ថា គិតចាប់តាំងពីលោក ចូ បៃដិន ឡើងកាន់អំណាចមក សហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយផ្នែកសន្តិសុខសរុប ៧.៦ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងនោះប្រហែល ៦.៩ពាន់លានដុល្លារ គឺគិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ដោយឡែក បើគិតចាប់តាំងពីឆ្នាំ២០១៤វិញ ទីក្រុងវ៉ាស៉ីនតោនបានប្តេជ្ញាថវិកាជាង ៨.៨ពាន់លានដុល្លារ ក្នុងទម្រង់ជាជំនួយផ្នែកសន្តិសុខ សម្រាប់ទីក្រុងកៀវ៕