សត្វព្រៃជាង ១០០ ក្បាល ត្រូវស្រ្តីឥណ្ឌាពីរនាក់លួចដឹកតាមវ៉ាល់លីប្រុងឡើងយន្តហោះ តែសមត្ថកិច្ចក្របួចជាប់

52

ស្រ្តីពីរនាក់ ត្រូវសមត្ថកិច្ចនៅព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិនៅក្រុងបាំងកកប្រទេសថៃ ចាប់ខ្លួនពីបទរត់ពន្ធសត្វព្រៃរស់ចំនួនដល់ទៅ ១០៩ ក្បាលដែលបានលាក់ក្នុងវ៉ាល់លីធ្វើដំណើរ។ នេះបើតាម​ការ​ចុះផ្សាយដោយភ្នាក់ងារសារព័ត៌មាន CNN។

អាជ្ញាធរអភិរក្សសត្វព្រៃថៃ បានបញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញថា សត្វព្រៃជាច្រើនដល់ទៅ ១០៩ ក្បាលបានរកឃើញក្នុងវ៉ាល់លីធ្វើដំណើរចំនួនពីរដែលស្រ្តីពីររូបបានលាក់ពេលធ្វើដំណើរតាមយន្តហោះ តែ​ត្រូវបានសមត្ថកិច្ចថតស្កេនកាំរស្មីអ៊ិចឃើញ ក៏ចាប់ខ្លួនតែម្តង។

សត្វព្រៃដែលបានលាក់ក្នុងវ៉ាល់លីធ្វើដំណើរនោះមាន កាំប្រម៉ាស ២ ក្បាល, សត្វពង្រូល ២ ក្បាល, អណ្តើក ៣៥ ក្បាល, បង្កួយ ៥០ ក្បាល, ពស់ ២០ ក្បាល។

ស្រ្តីពីររូបដែលរត់ពន្ធសត្វព្រៃនោះសុទ្ធតែជាជនជាតិឥណ្ឌា ដោយក្នុងនោះស្រ្តីទី ១ ឈ្មោះ Nithya Raja អាយុ ៣៨ ឆ្នាំ និងម្នាក់ទៀតឈ្មោះ Zakia Sulthana Ebrahim អាយុ ២៤ ឆ្នាំ ដែល​មានបំណងធ្វើដំណើរទៅកាន់ទីក្រុង Chennai ប្រទេសឥណ្ឌា៕