អបអរ! បុណ្យសមុទ្រ នឹង​ធ្វើឡើង​នៅ​ខេត្តព្រះសីហនុ​ចុងឆ្នាំ​នេះ​ហើយ!

27

បុណ្យសមុទ្រឆ្នាំនេះ នឹង​ធ្វើឡើងនៅខេត្តព្រះសីហនុ ដោយ​ក្រសួងទេសចរណ៍បានស្នើឱ្យវិស័យឯកជនរៀបចំដាក់ចុះនូវតម្លៃកញ្ចប់ទស្សនកិច្ចសមរម្យមួយសម្រាប់ភ្ញៀវទេសចរទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិអាច​ទទួលយកបាន។

ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅចុងឆ្នាំនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំបុណ្យសមុទ្រ បានថ្លែងអំពាវនាវដល់ផ្នែកឯកជនទាំងអស់ ត្រូវរៀបចំដាក់ចុះនូវតម្លៃកញ្ចប់ទស្សនកិច្ចឱ្យបានសមរម្យ និងសមស្របសម្រាប់ភ្ញៀវទេសចរអាចទទួលយកបាន ដើម្បីជាការប្រកួតប្រជែងសម្រាប់តម្លៃទីផ្សារសម្រាប់ទាក់ទាញទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។

ការត្រៀមរៀបចំបុណ្យស​មុទ្រនៅខេត្តព្រះសីហនុនាចុងឆ្នាំនេះ ដោយសារ​រដ្ឋាភិបាលក៏ដូចជាក្រសួងទេសចរណ៍បានមើលឃើញស្ថានការណ៍កូវីដ ១៩ នៅកម្ពុជា​បានធូរស្បើយ ហើយវិស័យទេសចរណ៍ក៏ចាប់ផ្តើមងើបឡើងវិញ ដែលធ្វើឱ្យទាំងភ្ញៀវជាតិនិងអន្តរជាតិចាប់ផ្តើមដើរកម្សាន្តជាច្រើនហូហែរឡើងៗ។

ប៉ុន្តែយ៉ាងណាមិញ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំបុណ្យសមុទ្រ បានស្នើ​ឱ្យវិស័យឯកជនរៀបចំកញ្ចប់សេវាទស្សនកិច្ចរបស់ខ្លួនឱ្យកាន់តែរស់រវើក និងតម្លៃឱ្យបានសមសម្យ ព្រោះដើម្បីតម្រូវតាមកត្តាជីវភាពពលរដ្ឋក្រោយវិបត្តិកូវីដបានធូរស្បើយនេះ។

ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នឹងរៀបចំឡើងនៅខេត្តព្រះសីហនុចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២២ ចុងឆ្នាំនេះ៕