

ស្រ្តីជនជាតិអាហ្កានីស្ថានម្នាក់ បានរៀបរាប់នៅមន្ទីរពេទ្យទាំងទឹកភ្នែកថា ខ្លួនបានបាត់បង់សមាជិកគ្រួសារដល់ទៅ ១៩ នាក់ ត្រឹមតែមួយប៉ព្រិចភ្នែកដោយសារគ្រោះរញ្ជួយដីដ៏សាហាវកម្រិត ៦,១ រ៉ិចទ័រនៅថ្ងៃព្រហស្បត្តិ៍នេះ។
ស្រ្តីម្នាក់នៅទីក្រុង Paktika បានរៀបរាប់ទាំងអួលដើមកថា «គ្រួសារខ្ញុំ ១៩ នាក់បានស្លាប់។ ៧ នាក់បានស្លាប់ក្នុងបន្ទប់តែមួយ មួយបន្ទប់ទៀតមាន ៥ នាក់ បន្ទប់មួយទៀត ៤ នាក់ ហើយបន្ទប់មួយផ្សេងទៀត ៣ នាក់ ស្លាប់ទាំងអស់។»
ស្រ្តីដែលបានរួចជីវិតពីរញ្ជួយដីខាងលើបានប្រាប់ថា «ដំបូងឡើយផ្ទះនិងគ្រែទាំងមូលបានញ័ររញ្ជួយ។ ពិដានបានរបេះធ្លាក់មកក្រោម ហើយខ្ញុំរកផ្លូវចេញមិនបាន តែអាចមើលមេឃឃើញ។ ស្មារបស់ខ្ញុំត្រូវបាក់ ហើយក្បាលត្រូវប៉ះទង្គិច ហើយចុងក្រោយក៏អាចរត់ចេញមកក្រៅរួច។ ខ្ញុំច្បាស់ណាស់ថា មនុស្សចំនួន ៧ ឬ ៩ នាក់ក្នុងដែលស្ថិតនៅបន្ទប់តែមួយរួមគ្នា បានបាត់បង់ជីវិតមិនខានឡើយ។»
ក្រោយហេតុការណ៍រញ្ជួយដីកន្លងផុត ក្រុមអ្នកជួយសង្រ្គោះនិងគ្រូពេទ្យអាហ្កានីស្ថាន បានប្រាប់កាសែត BBC ថាក្មេងៗជាច្រើនត្រូវបានស្លាប់ក្នុងហេតុការណ៍នោះ។
ហេតុការណ៍រញ្ជួយដីនៅរដ្ឋធានីកាប៊ុលភាគអាគ្នេយ៍ប្រទេសអាហ្កានីស្ថាននៅថ្ងៃព្រហស្បត្តិ៍នេះ បានសម្លាប់មនុស្សជាង ១ ០០០ នាក់ និង ១ ៥០០ នាក់ផ្សេងទៀតបានរងរបួស ស្របពេលមនុស្ស ៦០០ នាក់ត្រូវបានក្រុមអ្នកជំនាញបានជួយសង្រ្គោះពីគំនរបាក់បែក៕