ដំណឹង​ល្អ! លក់​ផ្ទះ​ឬ​ដី​ ចែក​លុយ​ចំណេញ​ដល់​រដ្ឋ ២០ ភាគរយ ប្រហែល​លើក​ទៅ​អនុវត្ត​នៅឆ្នាំ ២០២៤ ព្រោះ​កូវីដ

136

ពន្ធ​​លើ​ចំណេញ​មូលធនពីការ​ផ្ទេរ​ឬ​លក់​អចលនទ្រព្យ​ អាច​នឹង​ត្រូវ​លើក​ពេល​ទៅអនុវត្ត​នៅ ២ ឆ្នាំ​បន្ទាប់ ពោល​គឺ​នៅ​ឆ្នាំ ២០២៤ ក្រោយ​ក្រសួង​សេដ្ឋកិច្ច​បាន​ស្នើ​សុំ​ទៅ​សម្តេច ហ៊ុន សែន ដោយ​សារ​មើល​ឃើញ​ពី​ផល​ប៉ះពាល់​នៃ​វិស័យមួយ​នេះនៅ​មិន​ទាន់​ធូរស្រាល​ក្រោយ​ងើប​ឡើង​យ៉ាង​ត្រដាបត្រដួស​ពីកូវីដ ១៩។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ថ្ងៃ​ទី ២៤ មករា ឆ្នាំ ២០២២ នេះ។

ពន្ធ​លើ​ចំណេញ​មូល​ធនពីការ​ផ្ទេរ​ឬ​លក់អចលនទ្រព្យ បាន​ន័យ​ថាពេល​គិត​គូរ​និង​កាត់កង​រួចរាល់​​ហើយ​ឃើញលុយ​ចំណេញ​មូលធន នោះ​នឹង​ត្រូវ​យក​ទៅគុណនឹង​ ២០ ភាគ​រយ ដើម្បី​ចេញ​ថ្លៃ​ចំណាយ​ពន្ធចូល​រដ្ឋ (មើល​តាមឧទាហរណ៍​ខាង​ក្រោម)។

ដូច្នេះ​បាន​ន័យ​ថា បើ​សិន​ជា​រដ្ឋ​សម្រេច​គិត​ពន្ធ​លើ​ចំណេញ​មូលធន​ពីការ​លក់​ឬ​ផ្ទេរ​ទ្រព្យ អចលនទ្រព្យ​នៅ​កម្ពុជា​ ទំនង​ជា​នឹង​មាន​តម្លៃ​កើន​ឡើង តែ​ពេល​នេះ​វា​ជា​ដំណឹង​ល្អ​សម្រាប់​រយៈ​ពេល ២ ឆ្នាំ​ទៅ​មុខ​ទៀតទម្រាំ​តែ​រដ្ឋគិតគូរឡើង​វិញ​ពីការ​គិត​ពន្ធលើ​ចំណេញមូលធននោះ។

ត្បិត​ថាស្ថានការណ៍​​កូវីដ ១៩ នៅ​កម្ពុជា ហាក់​មាន​ភាព​ធូរស្រាល​បន្តិចហើយ​ម្យ៉ាង​ក៏​រដ្ឋាភិបាល​សម្រេច​បើក​ប្រទេស​បើកគ្រប់វិស័យ​ឡើង​វិញ​ពីឆ្នាំ ២០២២ នេះ​ក៏ពិត​មែន តែ​ស្ថានភាព​នៅ​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​ក៏ដូចជា​នៅ​លើ​ពិភពលោក​ហាក់មិន​ទាន់ទុក​ចិត្តស្រប​ពេល​វត្តមាន​វីរុស​បំប្លែង​ថ្មី​ក៏​កំពុង​បន្ត​រាតត្បាត ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​យឺតនៅឡើយ មិន​ទាន់​អាច​រ៉ាបរង​ថ្លៃ​ពន្ធលើ​ចំណេញ​មូលធន​​នាពេលនេះបាន​​ឡើយ៕

Loading...