

ខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់បុរសពូកែខាងរៀបចំសណ្តាប់ធ្នាប់និងសន្តិសុខ លោក គួច ចំរើន បានទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី៣ នៃវេទិកាទេសចរណ៍អាស៊ាន ២០២២។
រសៀលថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី៣ ពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណ:កម្មការអន្តរ ក្រសួង រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) នៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នេះពុំមែនជាលើកទី ១ ទេសម្រាប់អភិបាលខេត្តវៃឆ្លាតនិងមានប្រជាប្រិយភាពរូបនេះដែលទទួលបានពានរង្វាន់ទីក្រុងស្អាត ដោយកន្លងទៅកាលពីលោកនៅជាអភិបាលខេត្ត កំពង់ចាម ក៏ធ្លាប់ទទួលពាន ទីក្រុងស្អាតហៅថា ផ្ការំដួល៣ទង ពីសម្ដេចតេជោ ហ៊ុន សែន ដោយផ្ទាល់ ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលនិងលើកទិសដៅការងារថ្មីរបស់ក្រសួងទេសចរណ៍ ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី២៨ កុម្ភៈ ឆ្នាំ ២០១៨។ កាលនោះ ខេត្តកំពង់ចាម ក្រោមការដឹកនាំដោយ លោក គួច ចំរើន ជាអភិបាលខេត្ត ពិតជាបានទទួលការរាក់ទាក់ ដោយភាពស្និទ្ធស្នាលពីប្រជាពលរដ្ឋ និងបានរៀបចំឲ្យមានសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយបានល្អគួរឲ្យកត់សម្គាល់៕

