

រដ្ឋាភិបាលថៃ គ្រោងនឹងគិតប្រាក់ ៣០០ បាត (ស្នើនឹង ៩ ដុល្លារ) ពីអ្នកទេសចរបរទេសដែលចូលមកចាប់ពីខែមេសាខាងមុខនេះតទៅ ដើម្បីបង្កើនភាពទាក់ទាញ និងចាយថ្លៃធានារ៉ាប់រងគ្រោះថ្នាក់ផ្សេងៗសម្រាប់ភ្ញៀវដែលមិនមានលទ្ធភាពក្នុងការចំណាយថ្លៃព្យាបាលផ្ទាល់ខ្លួន។ ថ្លៃ ៩ ដុល្លារនោះ នឹងគិតបញ្ចូលជាមួយនឹងថ្លៃសំបុត្រយន្តហោះពេលអ្នកទេសចរទិញហោះហើរចូលថៃ។
មន្រ្តីទេសចរណ៍ថៃលោក Yuthasak Supasorn បានប្រាប់កាសែត Reuters ថា កន្លងមកក្រសួងទេសចរបានប្រឈមនឹងបញ្ហាថ្លៃធានារ៉ាប់រងមិនបានសព្វគ្រប់សម្រាប់អ្នកទេសចរបរទេស ដែលចុងក្រោយក្លាយជាអម្រែកធ្ងន់សម្រាប់រដ្ឋាភិបាលក្នុងការមើលថែពួកគេទៅវិញ។ លោកបន្ថែមថា ការគិតថ្លៃ ៩ ដុល្លារពីអ្នកទេសចរនោះ គឺដើម្បីធានានូវនិរន្តភាពនិងជួយលើកស្ទួយដល់ហេដ្ឋារចនាសម្ព័ន្ធទេសចរកាន់តែប្រសើរឡើងផងដែរ។
ដោយសារតែវិបត្តិកូវីដកាលពីឆ្នាំ ២០២០ ថៃទទួលបានអ្នកទេសចរតែ ២០ ម៉ឺននាក់ប៉ុណ្ណោះ បើធៀបនឹង ៤០ លាននាក់កាលពីឆ្នាំ ២០១៩ ដែលជាចំនួនមួយធ្លាក់ចុះយ៉ាងគំហុកជាប្រវត្តិសាស្រ្ត។
ក្រោយគោលការណ៍គិតលុយថ្មីនេះចាប់អនុវត្ត ថៃរំពឹងថានឹងទទួលបានភ្ញៀវទេសចរបរទេសចន្លោះពី ៥ ទៅ ១៥ លាននាក់នៅឆ្នាំ ២០២២ នេះ ដែលគិតជាចំណូលសង្ឃឹមបានប្រមាណ ២៣,៩៧ ពាន់លានដុល្លារ៕