

ដោយតែខណ្ឌច្បារអំពៅនៅកៀកក្រុងជាងខណ្ឌដទៃហើយក៏ជាតំបន់មានសក្តានុពលពិសេសផ្នែកអចលនទ្រព្យ ទើបធ្វើឱ្យដង់ស៊ីតេប្រជាជននៅទីនេះច្រើនកកកុញ។ ដូច្នេះហើយទើបពលរដ្ឋពិសេសបុគ្គលិកបម្រើការតាមស្ថាប័ននិងក្រុមហ៊ុននានានៅកណ្តាលក្រុង តែងរអ៊ូនិងឈឺក្បាលរឿងស្ទះណែនណាន់តាន់តាប់ទៅមុខសឹងមិនរួចរៀងរាល់ព្រឹកនិងល្ងាចចាប់ពីចំណុចបុរី ប៉េង ហួតបឹងស្នោរ ផ្លូវ ២៧១ ត្រង់ច្រមុះជ្រូក និងផ្លូវនរោត្តម។
ជាដំណោះស្រាយបណ្តោះអាសន្នមុនពេលមានស្ពានបន្ថែមដើម្បីរំដោះការកកស្ទះ ពលរដ្ឋពិសេសបុគ្គលិកបម្រើការតាមក្រុមហ៊ុនឬស្ថាប័ននានា អាចលៃពេលចេញដំណើរទៅធ្វើការពេលព្រឹកត្រឹមម៉ោង ៧.០០ នាទីចុះក្រោមយ៉ាងយូរ ឬបើព្រលឹមជាងនេះកាន់តែល្អ ព្រោះសភាពចរាចរណ៍នៅរលូនខ្លះ តែបើហ៊ានចេញដំណើរពីម៉ោង ៧.៣០ ព្រឹកនាទីឡើង នោះនឹងត្រូវស្អុះស្អាប់ធុញធប់ដោយសារហិតផ្សែងឡានម៉ូតូផងក្តៅផងនិងជិះគើមៗសឹងតែមិនទៅមុខថែមទៀត ហើយតែពេលល្ងាចត្រឡប់មកវិញគួរធ្វើដំណើរនៅម៉ោងប្រហែល ៧ កន្លះទៅ ៨ យប់ ទើបស្ថានភាពរាងធូរស្រាល។
យ៉ាងណាមិញ ពលរដ្ឋអាចសារ៉េម៉ោងពេលធ្វើដំណើរតាមការគួរជាក់ស្តែងអាស្រ័យលើស្ថានភាពផ្ទាល់ខ្លួន ហើយអ្វីដែលរៀបរាប់ខាងលើគឺជាពេលវេលាទូទៅ ដែលក្រុមការងារធ្លាប់ឆ្លងកាត់ផ្ទាល់រាល់ថ្ងៃ៕