ដំណឹងល្អ! ឧកញ៉ា ហុង ពីវ និង​លោក​តា កុល ផេង ចាប់ដៃ​គ្នា​សង់សាលា​បញ្ញាសាស្រ្ត​នៅ​គ្រប់បុរីពិភពថ្មី

175

អ្នកឧកញ៉ា ហុង ពីវ បាន​ចាប់ដៃ​សហការ​ជាមួយ​លោកបណ្ឌិត កុល ផេង ស្ថាបនិក​សាលា​បញ្ញាសាស្ត្រអន្តរជាតិ សាងសង់​សាលារៀនពី​មេត្តេយ្យ​ដល់​ថ្នាក់ទី ១២ នៅ​គ្រប់បុរី​ពិភព​ថ្មី ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់ពលរដ្ឋ​ស្នាក់នៅ​បុរីផ្ទាល់។

កិច្ច​ព្រមព្រៀង​រវាង​ភាគី​ទាំង​សងខាង បាន​ធ្វើឡើង​នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ម្សិលមិញក្រោមអធិបតីភាព អ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី និងបណ្ឌិត កុល ផេង ស្ថាបនិក និងជាប្រធានសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងសាលាបញ្ញាសាស្ត្រអន្តរជាតិ ព្រមទាំងមានការចូលរួមពីសហការី ភ្ញៀវកិត្តិយស បុរី ពិភពថ្មី សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងសាលាបញ្ញាសាស្ត្រអន្តរជាតិជាច្រើនរូបទៀត។

សាលាបញ្ញាសាស្ត្រអន្តរជាតិ នឹងបើកដំណើរការក្នុង ៤ទីតាំងនៃបុរីពិភពថ្មីរួមមាន បុរីពិភពថ្មី ឈូកវ៉ា, បុរី ពិភពថ្មី កួរស្រូវ, បុរី ពិភពថ្មី កំបូល, និងបុរី ពិភពថ្មី ផ្លូវជាតិលេខ៣ ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២។ អតិថិជន ដែលរស់នៅក្នុងបុរីពិភពថ្មី នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេស។

អ្នកឧកញ៉ា ហុង ពីវ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចាប់ពីថ្ងៃនេះទៅ គ្រប់ទីតាំងថ្មីរបស់បុរី ពិភពថ្មីទាំងអស់នឹងមានសាលាបញ្ញាសាស្ត្រអន្តរជាតិ។ មិនតែប៉ុណ្ណោះ ខ្ញុំនឹងបញ្ចុះតម្លៃយ៉ាងពិសេស ជូនដល់អតិថិជន ដែលរស់នៅក្នុងបុរីពិភពថ្មីទាំងអស់»។
គោលបំណងចម្បងៗ ក្នុងការសម្រេចធ្វើកិច្ចសហប្រតិបត្តិការនេះឡើងរួមមាន៖

១៖ ដោយមានការស្នើសុំពីអតិថិជន ដែលរស់នៅក្នុងបុរី ពិភពថ្មី ចង់ឲ្យកូនៗរៀននៅសាលាបញ្ញាសាស្ត្រអន្តរជាតិ
២៖ ដោយមានចក្ខុវិស័យវែងឆ្ងាយ រួមគ្នា រវាងបុរី ពិភពថ្មី និងសាលាបញ្ញាសាស្ត្រអន្តរជាតិ
៣៖ ដោយសង្កេតឃើញថា សាលាបញ្ញាសាស្ត្រអន្តរជាតិ ជាសាលាដែលមានគុណតម្លៃខ្ពស់ឈានមុខគេ នៅក្នុងប្រទេស ហើយសិស្សានុសិស្ស ដែលរៀនចប់មានសមត្ថភាពពេញលេញ ទាំងចំណេះវិជ្ជា និងចរិយាសម្បត្តិ។

បើតាមបណ្ឌិត កុល ផេង បញ្ជាក់ថា ក្រោយពីរាជរដ្ឋាភិបាលសម្រេចឲ្យមានស្ថាប័នអប់រំដោយវិស័យឯកជន គឺសាកលវិទ្យាល័យបញ្ញាសាស្ត្រ ក៏បានបង្កើតឡើងនៅឆ្នាំ​២០០០ ហើយក្រោយមកបាន ១ឆ្នាំ សាលាបញ្ញាសាស្ត្រអន្តរជាតិ ក៏ត្រូវបានបង្កើតឡើង។
«សម្រាប់ថ្នាក់មតេ្តយ្យ ដល់ថ្នាក់ទី១២ ដែលត្រូវបង្កើតឡើងទាំង ៤ទីតាំង នៅក្នុងបុរី ពិភពថ្មី យើងបានត្រៀមបុគ្គលិករួចរាល់ហើយ ដើម្បីដំណើរការសាលារៀនរបស់ពួកយើង»។ នេះជាការបញ្ជាក់បន្ថែម របស់បណ្ឌិត កុល ផេង ដែលជាអតីតរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៕

Loading...