សម្ដេច ​បញ្ជាក់​ច្បាស់​មិន​ឱ្យ​អ្នក​ផ្ទុក​មេរោគ​បំប្លែង​ថ្មី​អូមីក្រុង ​ព្យាបាល​នៅ​ផ្ទះ​ទេ​

20

​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានដាក់បទបញ្ជាដាច់ណាត់ មិនអនុញ្ញាតឲ្យមានការអន្តរាគមន៍ សម្រាប់អ្នកផ្ទុកមេរោគកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ព្យាបាលនៅផ្ទះនោះឡើយ គឺត្រូវព្យាបាលនៅមន្ទីរពេទ្យជាដាច់ខាត។

សម្តេចតេជោបានសង្កត់ធ្ងន់ថា ទោះបីជាអ្នកផ្ទុកមេរោគកូវីដ១៩ បំប្លែងថ្មីនោះមានឋានៈណាក៏ដោយ ទោះមាន ឬក្រក្តី គឺត្រូវតែទៅព្យាបាលនៅមន្ទីរពេទ្យ ហើយស្ថាប័នទទួលខុសត្រូវ មិនបាច់សុំយោបល់ពីសម្តេចនោះទេ។ ជាមួយគ្នានេះ ប្រសិនបើសម្តេចអញ្ជើញទៅប្រទេសមីយ៉ាន់ម៉ា ហើយត្រឡប់មកកម្ពុជា រកឃើញ «អូមីក្រុង» សម្តេចក៏ត្រូវទៅព្យាបាលនៅមន្ទីរពេទ្យ ដូចអ្នកជំងឺដទៃដែរ ដើម្បីធ្វើជាគំរូសម្រាប់ប្រជាជន។

ការដាក់បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញប្រគល់ប្រាក់រង្វាន់ ជូនកីឡាការិនី អ៊ុក ស្រីមុំ ក្រោយដណ្តើមបានមេដាយមាសពិភពលោក ពីការប្រកួតកីឡាប៉េតង់នៅអេស្ប៉ាញ ដែលរៀបចំឡើងនៅវិមានសន្តិភាព នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូម្បីតែខ្លួនខ្ញុំ បើសិនជាខ្ញុំទៅមីយ៉ាន់ម៉ា ត្រឡប់មកវិញ ខ្ញុំមានបញ្ហាហ្នឹង [អូមីក្រុង] ខ្ញុំក៏ទៅពេទ្យដែរ ដើម្បីខ្ញុំធ្វើគំរូគេ។ មិនថាអ្នកមាន មិនថាអ្នកក្រ មិនថាអ្នកធំ មិនថាអ្នកតូច ត្រូវតែទទួលការព្យាបាលនៅមន្ទីរពេទ្យ បើមិនដូច្នេះហើយហ៊ានតែចូលក្នុងសហគមន៍ ត្រូវបិទប្រទេសបន្តទៀត តើសុខចិត្តទេ ? ប្រជាពលរដ្ឋច្បាស់ជាមិនសុខចិត្តទេ […] សូមការយោគយល់ពីអ្នកកើតកូវីដប្រភេទអូមីក្រុង គឺសុំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ គ្រប់ទីកន្លែងទាំងអស់ទាំងនៅខេត្តសៀមរាប ខេត្តព្រះសីហនុ ភ្នំពេញ»។

Loading...