ក្រុមអភិរក្សសត្វព្រៃ​រក​ឃើញ​ពងក្រពើត្រី ៤៨ នៅ​តាមដងព្រែកស្រែអំបិល

3859

ក្រុម​អភិរក្ស​នៃ​រដ្ឋបាលជល​ផល អង្គការ​សមាគមអភិរក្សសត្វព្រៃ (ហៅ WCS) និង​ក្រុមការពារ​សំបុកក្នុង​មូលដ្ឋាន បាន​រកឃើញសំបុក​ពងក្រពើត្រីចំនួន ២ សំបុកមាន ៤៨ ពង នៅ​ត្រពាំងចំនួនពីរ តាមប្រព័ន្ធដងព្រែកស្រែអំបិល ក្នុងខេត្តកោះកុងកាលពីដើមសប្តាហ៍នេះ។

សត្វក្រពើត្រី ឬហៅតាមឈ្មោះវិទ្យាសាស្ត្រថា Crocodylus siamensis ត្រូវបានកត់​ត្រានៅក្នុងបញ្ជីក្រហម​របស់អង្គការ IUCN ​ជាប្រភេទសត្វ​ដែល​កំពុងរង​ការគំរាមកំហែងជិតផុតពូជ ដោយសារ​ចំនួនរបស់វា​នៅទូទាំងពិភព​លោកកំពុងធ្លាក់​ចុះ​យ៉ាង​ខ្លាំង។

ប្រភេទ​ក្រពើត្រីនេះ មាន​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ឡាវ ថៃ វៀតណាម និង​ទំនងជា​អាច​មាន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង​ឥណ្ឌូណេស៊ីផងដែរ។

តាមការ​ប៉ាន់ស្មាន នៅកម្ពុជា​មាន​ក្រពើត្រី​នេះ​ក្នុង​វ័យជំទង់​ប្រហែលពី ១០០ ទៅ ៣០០ ក្បាល ដែល​បង្ហាញ​ថា​កម្ពុជា​គឺ​ជា​ទីជម្រក​ដ៏សំខាន់បំផុតសម្រាប់ប្រភេទ​សត្វក្រពើត្រី​ប្រភេទ​នេះ៕

ដោយ៖ រតនា

ប្រភព៖ WCS Cambodia

SHARE